រាជធានីភ្នំពេញ៖នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៧នាក់ រងរបួសធ្ងន់៨នាក់ និងរបួសស្រាល៤នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៨គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្តធុនតូចចំនួន៧គ្រឿង រថយន្តធុនធំចំនួន១គ្រឿង។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, មិនគោរពសិទ្ធិ៣លើក, បត់គ្រោះថ្នាក់៣លើក, ស្រវឹង១លើក និងកត្តាយានយន្ត។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១១នាក់។
ជាមួយគ្នានោះម្សិលមិញលទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន ២,៧៨៦គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,១១៦គ្រឿង និងពិន័យសរុប ចំនួន១,៦៧០គ្រឿង៕