ស្ត្រី​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់ ខណៈ​កំពុង​បោក​សម្លៀកបំពាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 July, 2016 ក+ ក-

ខេត្ត​ត្បូងឃ្មុំ​៖​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ក្រែក​បាន​ប្រាប់​ឲ្យ​ដឹងថា មាន​បាតុភូតធម្មជាតិ​រន្ទះបាញ់​ចំ​ស្ត្រី​ម្នាក់​ដែល​កំពុង​ងូតទឹក និង​បោក​សម្លៀកបំពាក់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​សំយាបផ្ទះ​។ ហេតុការណ៍​នេះ​កើតឡើង​នា​វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ជី​ពាំង ឃុំ​ក្រែក ស្រុក​ពញាក្រែក​។​
​មន្ត្រី​ដដែល​បន្តថា ស្ត្រី​រងគ្រោះ​ឈ្មោះ ហូ​វ សុខ​ហេង អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​។ ខណៈ​មេឃ​កំពុងតែ​បង្អុរ​ភ្លៀង ស្ត្រី​រងគ្រោះ​បានចេញ​មក​ងូតទឹក និង​បោក​សម្លៀកបំពាក់​នៅ​ខាងក្រៅ​ផ្ទះ​នៅ​ខាងក្រោម​ទរ​បង្ហូរ​ពីលើ​ដំបូល ស្របពេលនោះ​ស្រាប់តែ​រន្ទះ​បាន​បាញ់​មក​ចំ​ស្ត្រី​រងគ្រោះ​ជាហេតុ​បណ្តាល​ឲ្យ​ដួល​ដេក​ទៅលើ​ដី​ស្លាប់​ភ្លាមៗ​មួយ​រំពេច​តែម្តង ។​
​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ក្រែក បាន​ប្រាប់​ឲ្យ​ដឹងថា បន្ទាប់មក​បុរស​ជា​ប្តី​បាន​រត់​ចេញមកក្រៅ​មើលឃើញ​ពី​ហេតុការណ៍​ប្រពន្ធ​ស្លាប់​ក៏បាន​ទ្រហោ​រយំ ហើយ​បាន​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​។ ក្នុងពេលនោះ​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ក្រែក បាន​ចុះទៅពិនិត្យ​សព​ឃើញ​មាន​ស្នាម​ខ្មៅ​រោល​ត្រ​ង់ក និង​ខ្លួនប្រាណ ដោយសារតែ​ត្រូវ​រន្ទះបាញ់ ចំណែក​ខ្សែក​ដែល​ពាក់​នៅ​នឹង​ក​ត្រូវបាន​ជ្រុះ​ដាច់​ជា​កំណាត់ៗ ៕

0132efe3-1ba8-4467-b53c-ba448bf05b40