បារាំង​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​ករណី​វាយប្រហារ​នៅ​ទីក្រុង​នី​ស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 July, 2016 ក+ ក-

បារាំង​៖​ជនសង្ស័យ​​៥​នាក់​រួមមាន​ប្រុស​បួន​នាក់ និង​ស្រី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​បារាំង​ឃាត់ខ្លួន​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​ដោយ​បើក​រថយន្តបុក​ចូល​ហ្វូងមនុស្ស​នៅ​ទីក្រុង​នី​ស កាលពី​ជាង​មួយ​សប្តាហ៍​កន្លងទៅនេះ​។
​បើតាម​ការ​ឲ្យ​ដឹង​ពី​ព្រះរាជអាជ្ញា​បារាំង​បាន​និយាយថា ជនសង្ស័យ​ទាំង​៥​នាក់ ដែល​ឃាត់ខ្លួន​មាន​អាយុ​ចន្លោះ​ពី​២២​ឆ្នាំ​ដល់​៤៤​ឆ្នាំ ពួកគេ​ត្រូវ​ចោទថា បាន​ជួយ​នៅក្នុង​ការរៀបចំ​ឲ្យ​មានការ​បើករថយន្ត ទៅ​បំ​បុក​ហ្វូងមនុស្ស ដែល​កំពុង​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​បារាំង​កាលពី​យប់​ថ្ងៃទី​១៤​កក្កដា​។ ព្រះរាជអាជ្ញា​បញ្ជាក់ថា ការវាយប្រហារ​ភេរវកម្ម ត្រូវបាន​គេ​រៀបចំ​អស់​រយៈពេល​ជាច្រើន​ខែ ហើយ​នៅពេលនេះ​ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវគេ​បញ្ជូនទៅ​ឃុំខ្លួន​។​
​គួរ​បញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​វាយប្រហារ​មួយ​នៅ​ទីក្រុង​នី​ស​បណ្តាល​ឲ្យ​មនុស្ស​៨៤​នាក់​ស្លាប់ ខណៈដែល​មនុស្សម្នា​ទាំងនោះ​កំពុង​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​បារាំង ៕

20160722