ចិន​ដាក់​ទោស​មន្ត្រី​ជាង​២​ម៉ឺន​នាក់​ពាក់ព័ន្ធ​អំពើពុករលួយ រយៈពេល៦ខែ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 July, 2016 ក+ ក-

ប៉េកាំង​៖​យោងតាម​របាយការណ៍​គណៈកម្មការ​វិន័យ​និង​អធិការកិច្ច​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចិន​បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៦​នេះ មន្ដ្រី​ចំនួន​២៦,៩០០​នាក់​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៃ​បក្ស​កុ​ម្មុនី​ស្ដ​ចិន​ដាក់ទោស​ពីបទ​រំលោភច្បាប់​រឹតបន្ដឹង​ការប្រើប្រាស់​ថវិកា​ពាក់ព័ន្ធ​នឹង​១៩,១៦០​ករណី​។​
​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា ការរំលោភច្បាប់​រឹតត្បិត​ការប្រើប្រាស់​ថវិកា​ផងដែរ ក៏​រួមបញ្ចូល​ការប្រើប្រាស់​មូលនិធិ​សាធារណៈ​សម្រាប់​ការធ្វើដំណើរ សម្រាប់​របប​អាហារ សម្រាប់​ពិធី​រៀប​អាពាហ៍ពិពាហ៍ និង​ពិធី​បុណ្យសព ដែល​ទាំងនេះ​ជាការ​ប្រើប្រាស់​ថវិកា​ខ្ជះខ្ជាយ​។ របាយការណ៍​បន្ថែមថា បើ​គិត​ជា​ករណី​វិញ​មាន​ពី​លំដាប់​ខ្ពស់​មក​ទាប គឺ​ពី​៤,៧៩៣​ករណី ៣,៤៤៩​ករណី និង​៣,៣៧០​ករណី​។​នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​របាយការណ៍​គណៈកម្មការ​វិន័យ និង​អធិការកិច្ច​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
​គួរ​បញ្ជាក់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៃ​បក្ស​កុ​ម្មុនី​ស្ដ​ចិន បានចេញ​ច្បាប់​រឹតត្បិត​ការប្រើប្រាស់​ថវិកា​៨​ចំណុច កាលពី​ចុងឆ្នាំ​២០១២ ដើម្បី​កាត់បន្ថយ​ភាព​ហ៊ឺហា​របស់​មន្ដ្រី និង​ការ​អនុវត្ដ​ការខុស​ប្រក្រតី រួមទាំង​ទង្វើ​មិន​សមរម្យ​នានា​។ រយៈពេល​ពាក់កណ្ដាល​ឆ្នាំ​២០១៦​នេះ ក្នុងចំណោម​មន្ដ្រី​ទទួលទោស ក៏មាន​មន្ដ្រីជាន់ខ្ពស់​ជាច្រើន​នាក់​ផងដែរ​៕

11111111111