ដោយ៖ប្រុញ វិធិន
ខេត្តក្រចេះ៖លោកឧត្តមសេនីយ៍ សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាអនុប្រធានគណកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តក្រចេះ បាននាំយកប្រាក់មរណៈសង្គ្រោះ ព្រមទាំងគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារសព សមាជិកអតីតយុទ្ធជនកម្ពុជា នៅស្រុកព្រែកប្រសព្វ ។
ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ ហ៊ន ពូច ស្នងការរងនគរបាលខេត្ត និងជាសមាជិកគណកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសមាគមនអតីតយុទ្ធជនកម្ពុជាថ្នាក់ខេត្ត នៅភូមិក្រហមក ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
អំណោយដែលយកទៅប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជនសពនៅព្រឹកនោះ រួមមាន ថវិកាចំនួន ៤លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគរួមមាន អង្ករ មី ត្រីខ ទឹកត្រីទឹកស៊ីអ៊ីវ ជាច្រើនសំរាប់ទៀត ប្រគល់ជូនដល់គ្រួសាររបស់លោកស្រី ក្រៃ ខូយ អាយុ ៨៣ឆ្នាំ ជាសមាជិកសមាគមនអតីតយុទ្ធកម្ពុជា និងបានទទួលមរណភាពកាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅ ដោយរោគគាពាធ។
ក្នុងពិធីប្រគល់ថវិកាជូនគ្រួសារសពដល់លំនៅឋាននៅក្នុងស្រុកព្រែកប្រសព្វ លោកឧត្តមសេនីយ៍ សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានសម្តែងការចូលរួមរំលែកទុក្ខ និងពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ដល់គ្រួសារសពផងដែរ។ លោក បានបន្តថា ដោយមានការជម្រុញ និងមានការយកចិត្តទុកដាក់ពីឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ប្រធានសមាគមនអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងបន្ទាប់ពីទទួលបានពត៌មានពីអាជ្ញធរមូលដ្ឋាន ក្រុមការងារសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ ក៏បាននាំយកប្រាក់មរណៈសង្គ្រោះជូនដល់ក្រុមគ្រួសារសព សមាគមនអតីតយុទ្ធជនកម្ពុជា ឲ្យបានទាន់ពេលវេលាផងដែរ។
ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ សាន្ត ប៊ុនថាន អនុប្រធានគណកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តក្រចេះ ក៏បានជម្រុញលើកទឹកចិត្តដល់អាជ្ញាធរឃុំ ប៉ុស្ដិ៍នគរបាល អាជ្ញាធរស្រុក អធិការនគរបាលស្រុក និងទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ត្រូវជ្រោមជ្រែងយកចិត្តទុកដាក់ ជួយដល់ក្រុមគ្រួសារអតីតយុទ្ធជន ក៏ដូចជាសមាជិកសមាគមនអតីតយុទ្ធជន នៅពេលដែលពួកគាត់ជួបប្រទះនូវបញ្ហាការលំបាកផ្សេងៗ និងជួយផ្ដល់ព័ត៌មានឲ្យសមាគមនបានដឹង ដើម្បីរួមគ្នាជួយដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា៕