ខេត្តសៀមរាប៖អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជាបានបញ្ជាក់ថា ភាគីថៃនឹងបញ្ជូនទីប្រឹក្សាការងារគ្រឿងញៀន មកប្រចាំការនៅស្ថានទូតព្រះរាជាណាចក្រថៃ នៅកម្ពុជា ដើម្បីទំនាក់ទំនងការងារ ជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលឆាប់ៗ ខាងមុខនេះ ។
លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងដូច្នេះក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក ស៊ីរីនយ៉ាស៊ីតឌីចៃ អគ្គលេខាធិការនៃក្រុមប្រឹក្សាត្រួតពិនិត្យ គ្រឿងញៀនថៃ នៅក្នុងកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា-ថៃ លើកទី១០ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។
ក្នុងកិច្ចប្រជុំនោះមានការចូលរួម ពីមន្ត្រីមកពី ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ខេត្តកោះកុង យោធភូមិភាគ៤ និងភូមិភាគ៥ ។ ចំណែកភាគីថៃមានមកពីតំបន់២ និងតំបន់៣ និងមន្ត្រីពាក់ពន្ធ័ស្ថាប័នជាតិ ត្រួតពិនិត្យគ្រឿងញៀននៃប្រទេសទាំងពីរ និងតំណាងកំលាំង អនុវត្តច្បាប់ពីបណ្តាខេត្តជាប់ព្រំដែនជាច្រើនទៀតផងដែរ៕