រាជធានីភ្នំពេញ៖ផ្ទុយពីលើកមុន ដែលសមត្ថកិច្ចអះអាងថា យោងតាមចម្លើយសារភាពរបស់ឃាតករឈ្មោះ ជួប សម្លាប់ ធ្វើឲ្យសមត្ថកិច្ចមានពន្លឺច្រើនក្នុងការឈានទៅចាប់មេខ្លោង នៅពីក្រោយនៃអំពើឃាតកម្មដ៏កក្រើកនេះ ។ ប៉ុន្តែលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ពេលថ្មីៗ នេះ បានប្រាប់វិទ្យុក្នុងស្រុកថា ការស៊ើបអង្កេតលើករណីឃាតកម្មលោក កែម ឡី ជួបការលំបាកទៅវិញ។
លោក ខៀវ សុភ័គ បានបញ្ជាក់ តាមរយះវិទ្យុក្នុងស្រុក កាលពីម្សិលមិញថា អាជ្ញាធរពិបាកធ្វើការស៊ើបអង្កេត ករណីឃាតកម្មលើលោក កែម ឡី ណាស់ពីព្រោះជនសង្ស័យអត់ឆ្លើយអ្វីទាំងអស់ ហើយឆ្លើយតែពាក្យដដែលៗ ។ លោកបន្តថា សូម្បីតែសាវតាជាតិ ដូចជា ឪពុកម្តាយរបស់វា ក៏វាមិនទាំងឆ្លើយថែមទៀត……វារឹងរូសមែនទែន។
ទាក់ទិនការលើកឡើងរបស់លោក ខៀវ សុភ័គ បានធ្វើឲ្យសាធារណមតិមានការសង្ស័យយ៉ាងខ្លាំង ព្រោះថា អ្វីដែលលោក ខៀវ សុភ័គ បានផ្តល់បទសម្ភាសន៍ខាងលើនេះ គឺផ្ទុយស្រឡះទៅនឹងការអះអាងរបស់សមត្ថកិច្ច នាពេលមុនដែលលើកឡើងថា យោងតាមចម្លើយសារភាពរបស់ជនដៃដល់ គឺធ្វើឲ្យសមត្ថកិច្ចមានពន្លឺច្រើនក្នុងការឈានទៅវែកមុខមេខ្លោងដែលនៅពីក្រោយខ្នងនៃអំពើឃាតកម្មនោះ ។
សាធារណជនបានលើកឡើងថា តើការអះអាងរបស់សមត្ថកិច្ចពីលើកមុននិងការអះអាងរបស់លោក ខៀវ សុភ័គ មួយណាពិតមួយណាមិនពិត ព្រោះថា ករណីឃាតកម្មលើលោក កែម ឡី ជារឿងដែលធ្វើឲ្យកក្រើកទូទាំងប្រទេស និងអន្តរជាតិ ។ ដូច្នេះមន្ត្រីសមត្ថកិច្ចគួរផ្តល់ព័ត៌មានជាក់លាក់ និងអាចយកជាការបាន ទាក់ទងករណីនេះ ហើយមិនអាចម្តងនិយាយអញ្ចេះម្តងនិយាយអញ្ចោះ តាមតែអារម្មណ៍នោះឡើយ។
យ៉ាងណាក៏ដោយ លោក ខៀវ សុភ័គ បានបញ្ជាក់ថា សមត្ថកិច្ចកំពុងដុតដៃដុតជើង ចំពោះករណីនេះ ក្នុងពេលដែលមានការលាបពណ៌គ្នា ពាក់ព័ន្ធករណីឃាតកម្មលើលោក កែម ឡី នេះ៕