ម្សិលមិញ​ស្លាប់​មនុស្ស​៧​នាក់ របួសធ្ងន់​ស្រាល​២០​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៣​លើក (​យប់​៦​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់ រងរបួស​ធ្ងន់​១២​នាក់ និង​របួសស្រាល​៨​នាក់​។​
​ប្រភព​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៣​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​២៣​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៦​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៣​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​៣​គ្រឿង យាន​ផ្សេងៗ​ចំនួន​១​គ្រឿង និង​អ្នក​ថ្មើរជើង​២​នាក់​។ ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៩​លើក​, ប្រជែង​គ្រោះថ្នាក់​២​លើក​, បត់​គ្រោះថ្នាក់​១​លើក និង​មិន​គោរព​សិទ្ធិ​១​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​២២​នាក់​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២៦១៣​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​៩១៥​គ្រឿង និង​ពិន័យ​សរុប ចំនួន ១៦៩៨​គ្រឿង​៕

13650347_1742950005943562_272943438_n