អាមេរិក៖ទីបំផុតទៅលោកស្រី ហ៊ីលឡារី គ្លីនតុន បានឈ្នះការតែងតាំងជាបេក្ខជនប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យហើយកាលពីថ្ងៃអង្គារ ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្ដទៅនៅខែវិច្ឆិកាខាងមុខ។ នេះបើតាមសារព័ត៌មានស៊ិនហួ។
លោកស្រីជាស្ដ្រីទីមួយដែលអាចទទួលសំឡេងគាំទ្រ ឲ្យចូលរួមការប្រកួតប្រជែងគ្រប់គ្រងសេតវិមានអាមេរិក។ លោកស្រី ហ៊ីលឡារី គ្លីនតុន មានវ័យ ៦៨ឆ្នាំទៅហើយ ដោយមុននឹងឈានជើង ដល់តំណាក់កាលនេះ លោកស្រីបានចំណាយពេល៤ឆ្នាំក្នុងយុទ្ធនាការឃោសនាទាក់ទាញសំឡេងគាំទ្រ។
លោកស្រីគ្លីនតុននឹងទទួលយកការតែងតាំងជាផ្លូវការនៅយប់ថ្ងៃព្រហស្បតិ៍ មុនពេលផ្ដោតជាសំខាន់លើយុទ្ធនាការឃោសនាបោះឆ្នោតបន្ដទៀត សម្រាប់តំណែងប្រធានាធិបតីអាមេរិក ប្រជែងជាមួយដៃគូដ៏ខ្លាំងខាងគណបក្សសាធារណរដ្ឋគឺលោកដូណាល់ ត្រាំ បច្ចុប្បន្នក៏បានឈ្នះការតែងតាំងជាបេក្ខជនប្រធានាធិបតីតំណាងបក្សដូចគ្នា។
គួរបញ្ជាក់ថា ភាពរកាំរកុះរឿងបណ្តឹងលើសារអេឡិចត្រូនិកផ្ទាល់ខ្លួនរបស់លោកស្រី គ្លីនតុន និង ការកើតមានអំពើ បាញ់ប្រហារនាពេលថ្មីៗនេះ ក៏បាននាំឲ្យប្រជាប្រិយភាពរបស់លោកស្រី ធ្លាក់ចុះមួយកម្រិតផងដែរ ខណៈផល ចំណេញបានធ្លាក់ទៅលើលោក Trump ដែលបានធ្វើការវាយប្រហារមកលើលោកស្រី គ្លីនតុន មិនសម្ចៃមាត់។ យ៉ាងណាក៏ដោយ អ្វីៗនឹង បង្ហាញច្បាស់នៅក្នុង ការបោះឆ្នោតសកលខែវិច្ឆិកា ខាងមុខនេះ៕