បញ្ជូន​ជនសង្ស័យ​៤​នាក់ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀនទៅ​តុលាការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 July, 2016 ក+ ក-

​ដោយ​៖​ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត បញ្ជូន​ខ្លួន​ជនសង្ស័យ ៤​នាក់ ២​ករណី ពាក់ព័ន្ធ​នឹង​ករណី រក្សាទុក និង​ជូ​ញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ទៅ​តុលាការ​ខេត្តក្រចេះ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ ក្រោយពេល​មន្ត្រី​ជំនាញ ធ្វើ​តេស​ម្សៅ​ក្រាម​ពណ៌​ស​ដែល​ដកហូត​បាន ដោយ​បញ្ជាក់ថា គឺ​ពិតជា​គ្រឿងញៀន មេ​តំ​ហ្វេ​តា​មីន ។
​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត លោក គង់ ស៊ីដន បានអោយដឹងថា ជនសង្ស័យ ទី​១ ឈ្មោះ ត្រិ ណាវី ភេទ​ប្រុស អាយុ ២០​ឆ្នាំ , ទី​២ ឈ្មោះ យេ​ស ហ្វា​សល់ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ និង​ទី​៣ ឈ្មោះ សាន់ អា​ហ្វី​ន ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនសង្ស័យ​ទាំងបី​នាក់ ជា​ជនជាតិខ្មែ​ឥស្លាម មានមុខ​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ជំនីក ឃុំ​ជំនីក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។ លោក បាន​បន្តថា ជនសង្ស័យ​ទាំងបី​នាក់​ខាងលើនេះ គឺ​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​សំបូរ ធ្វើការ​បង្ក្រាប​ចាប់​ឃាត​បាន កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦​កន្លងទៅ នៅ​ចំណុច​មាត់​ច្រាំងទន្លេ ឋិត​ក្នុងភូមិ​កែង​ប្រសាទ​ឃុំ​សំបូរ ស្រុក​សំបូរ ខេត្តក្រចេះ ។ ដោយ​ក្នុងនោះ សមត្ថកិច្ច បាន​ឆែកឆេរ​រកឃើញ និង​ដកហូត​បាន​វត្ថុ​តាំង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស ១​កញ្ចប់​ធំ ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ និង​ទូរ​សព្ទ័​ចំនួន ៣​គ្រឿង ចិញ្ចៀន ១​វង់ ប្រាក់រៀល​ចំនួន ១៤,៦០០​រៀល និង​ប្រាក់​ដុល្លា ចំនួន ៥០​ដុល្លា​។ ចំណែកឯ ជនសង្ស័យ​ទី​៤ ឈ្មោះ ពិន សុខ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នកនេសាទ​ត្រី រស់នៅ​ភូមិ​ថ្មី ឃុំ​ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្តក្រចេះ និង​ឆែកឆេរ ដកហូត​វត្ថុតាង​រួមមាន ម្ស៉ៅ​ក្រាម​ពណ៌​ស ចំនួន ២​កញ្ចប់​តូច ម៉ូតូ ម៉ាក អាសង់កា​រ៉េ ១​គ្រឿង ទូរ​សព្ទ័​ដៃ ២​គ្រឿង ។​
បច្ចុប្បន្ន ជនសង្ស័យ​ទាំង ៤​នាក់ ត្រូវបាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត បញ្ជូន​ខ្លួន​ជនសង្ស័យ ៤​នាក់ ២​ករណី ពាក់ព័ន្ធ​នឹង​ករណី រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ទៅ​តុលាការ​ខេត្តក្រចេះ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

13833497_1743817359190160_655241450_o13833006_1743817349190161_1713730308_o