តួ​ក​គី​ដកតំណែង​ឧ​ត្ត​ម​សេនីយ៍​១៤៩​នាក់​ដែល​​ពាក់ព័ន្ធ​​រដ្ឋប្រហារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 July, 2016 ក+ ក-

​តួ​ក​គី​៖​កាលពី​ថ្ងៃ​ពុធ​ប្រទេស​តួ​ក​គី​បានបញ្ចប់​តំណែង​ឧ​ត្ត​ម​សេនីយ៍​ចំនួន​១៤៩​នាក់ និង​បញ្ជា​ឲ្យ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​នៅក្នុង​ដំណាក់កាល​ថ្មី​នៃ​ការបង្ក្រាប​ដ៏​ចម្រូងចម្រាស់​បន្ទាប់ពី​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​បរាជ័យ​។​
​មន្ត្រី​តួ​ក​គី​ម្នាក់​បាន​និយាយថា មេទ័ព​ជើងគោក​៨៧​នាក់ មេទ័ព​អាកាស​៣០​នាក់ និង​មេបញ្ជាការ​កងទ័ពជើងទឹក​៣២​នាក់​សរុប​ទាំងអស់​១៤៩​នាក់​ត្រូវបាន​បណ្តេញចេញ​ពីមុខ​តំណែង​ដោយសារតែ​ពួកគេ​បាន​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។ មន្ត្រី​រូបនោះ​បន្តថា លើសពីនេះ​ទៀត​មន្ត្រី​ចំនួន​១.០៩៩​នាក់​និង​មន្ត្រី​ថ្នាក់ទាប​៤៣៦​នាក់​ក៏ត្រូវ​បានបញ្ចប់​ការងារ​ផងដែរ​។ មន្ត្រី​បាន​និយាយទៀតថា មានការ​បញ្ជា​ឲ្យ​បិទ​ទីភ្នាក់ងារ​ព័ត៌មាន​ចំនួន​៣ ស្ថានីយទូរទស្សន៍​១៦ ស្ថានីយ វិទ្យុ​២៣ កាសែត​៤៥ ទស្សនា​វ​ដ្តី​១៥​និង​កន្លែង​បោះពុម្ព​ចំនួន​២៩​។ ទន្ទឹម​នោះ អាជ្ញាធរ​បានចេញ​ដីកាចាប់ខ្លួន​អ្នកកាសែត​៤២​នាក់​កាលពីដើម​សប្តាហ៍​នេះ​។​
​គួរ​បញ្ជាក់ថា ការបញ្ចប់​តំណែង​ឧ​ត្ត​ម​សេនីយ៍​ដែល​ភាគច្រើន​នៃ​ពួកគេ​កំពុងស្ថិត​ក្រោម​ការចាប់​ខ្លួន​នោះបាន​កើតឡើង​មុន​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​យោធា​កំពូល​របស់​តួកគី​ដែល​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការព្រមព្រៀង​គ្នា​លើ​ការផ្លាស់ប្តូរ​តួនាទី​ និង​មុខតំណែង​ក្នុង​កងកម្លាំងប្រដាប់អាវុធ​ជា​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​៕

Turkey-2