ព្យុងយ៉ាង៖រដ្ឋាភិបាលកូរ៉េខាងជើងបានរិះគន់ខ្លាំងៗ ចំពោះវត្តមានកងយោធារបស់សហរដ្ឋអាមេរិក នៅលើទឹកដីប្រទេសកូរ៉េខាងត្បូង និងជំរុញឲ្យកូរ៉េខាងត្បូងផ្លាស់ប្តូរគោលនយោបាយគាំទ្រដោយសហរដ្ឋអាមេរិករបស់ខ្លួនចេញ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ។
អ្នកនាំពាក្យមួយរូបរបស់គណៈកម្មាធិការសន្តិភាពជាតិកូរ៉េខាងជើងបានថ្លែងថា កងកម្លាំងសហរដ្ឋអាមេរិក ដែលមានតាំងទីនៅកូរ៉េខាងត្បូង អាចជាគោលដៅចម្បងគេ នៃការវាយប្រហារណាមួយ ពីកូរ៉េខាងជើង និងស្នើឲ្យអាមេរិកដកកងកម្លាំងយោធាចេញពីឧបទ្វីបកូរ៉េ។ មន្ត្រីរូបនោះបន្តថា ការធ្វើសមយុទ្ធយោធាចេញពីកោះ Okinawa របស់ជប៉ុនទៅកាន់មូលដ្ឋានទ័ពអាកាសមួយ របស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុង Kunsan ប្រទេសកូរ៉េខាងត្បូង នៅក្នុងការសម្រេចចិត្តរួមគ្នាមួយ ដោយរដ្ឋាភិបាលទីក្រុង Seoul និង Washington ក្នុងការដាក់ពង្រាយ ប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD នៅលើទឹកដីឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលចំនួន៣គ្រាប់ ដែលគេជឿជាក់ថា ២គ្រាប់ជាមីស៊ីលរយៈចម្ងាយមធ្យម ឈ្មោះ Rodong និងមួយគ្រាប់ជាមីស៊ីលរយៈចម្ងាយខ្លីឈ្មោះ Scud នៅក្នុងការបង្ហាញសព្វាវុធ ប្រឆាំងនឹងការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD នៅកូរ៉េខាងត្បូង៕