ដោយ៖ប្រុញ វិធិន
ក្រចេះ៖សាកសពសត្វផ្សោត១ក្បាល ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញងាប់អណ្តែតទឹកទន្លេជាថ្មីទៀតហើយ កាលពីវេលាម៉ោងទៀបភ្លីថ្ងៃទី៣១ ខែកក្ដដាឆ្នាំ២០១៦ នៅចំនុចភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។ ករណីសត្វផ្សោតងាប់ក្នុងខេត្តក្រចេះ គេនៅពុំទាន់មានការបញ្ជាក់ពីជំនាញរដ្ឋបាលជលផលឬមន្ត្រីអភិរក្សសត្វផ្សោតទន្លេមេគង្គនៅឡើយទេ ប៉ុន្តែបើតាមការអះអាងរបស់ពលរដ្ឋ បានឃេីញហេតុការណ៍សត្វផ្សោត១ក្បាលនេះ មានប្រវែងប្រមាណជាង ១ម៉ែត្រ និងមានទំងន់ជិត១០០គីឡូគ្រាម ស្ថិតក្នុងវយ័បន្តពូជ ថែមទាំងមានកូនតូចមួយស្លាបអណ្ដែតនៅជិតនោះទៀតផង ។ ពលរដ្ឋ បានសន្និដ្ឋានថា សត្វផ្សោត១ក្បាលនេះ ជាផ្សោតញី បានងាប់រយះពេលប្រហែលជិត២ថ្ងៃមកហើយ រហូតអណ្ដែតទឹកចុះមកក្រោមនៅទីតាំងដែលគេប្រទះឃើញខាងលើ។ ករណីនេះគេសង្ស័យបណ្ដាលមកពីត្រូវដែកឆក់ ឬមានជំងឺទើបបណ្ដាលឲ្យងាប់ ។
ក្រោយពីពលរដ្ឋប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលទើបគេឃើញវត្តមានរបស់មន្ត្រីអង្កការ wwf មកនាំទៅទីស្នាក់ការ ដើម្បីត្រួតពិនិត្យរកមូលហេតុ។ លោក ឡោ គឹមសាន មន្ត្រីអង្គការWWFខេត្តក្រចេះ បានបញ្ជាក់ថា ការងាប់ផ្សោតនោះនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នោះទេ។ ដោយកម្លាំងរបស់លោកកំពុងវេជក្ចប់យកទៅស្នាក់ការរអង្គការWWF ដើម្បីធ្វើការពិសោធន៍ ហើយជំហ៊ានដំបូងលោកដាក់ការសង្ស័យថា ផ្សោតមួយនេះ អាចងាប់ ដោយសាររលូតកូន ព្រោះនៅជិតផ្សោតងាប់នោះ មានកូនផ្សោតមួយក្បាលងាប់នៅក្បែរ ហើយកូនផ្សោតនោះ នៅតូចណាស់ គឺមិនទាន់គ្រប់ខែនោះទេដូច្នេះទើបលោកសន្និដ្ឋានថា បណ្ដាលមកពីរលូតកូនតែម្តង៕
ពលរដ្ឋប្រទះឃើញសត្វផ្សោតតូចធំ២ក្បាល់ងាប់អណ្តែតទឹកទន្លេ