រាជធានីភ្នំពេញ៖ចោរប្រដាប់អាវុធ២នាក់បានធ្វើសកម្មភាពបាញ់ប្លន់យកកាបូបលុយពីស្ត្រីម្នាក់ ហើយគេចខ្លួនដោយសុវត្ថិភាព ដែលករណីនេះកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅមុខផ្ទះលេខ១២៥អេ ផ្លូវលេខ១៤៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នារីរងគ្រោះបានចូលរួមក្នុងកម្មវិធីជប់លៀង នៅផ្ទះកើតហេតុ ពេលចេញពីកម្មវិធីត្រឡប់ទៅផ្ទះ ខណៈបញ្ជាតេឡេបើកទ្វារបម្រុងចូលរថយន្ត ស្រាប់តែមានបុរស២នាក់ ជិះម៉ូតូស្គូពី ប្រដាប់ដោយអាវុធ បានបាញ់ប្រហារស្ត្រីរងគ្រោះ ហើយឆក់យកកាបូបលុយ បើកម៉ូតូចេញទៅដោយសុវត្ថិភាព។
ភ្លាមៗនោះធ្វើឲ្យមានកាតភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់មនុស្សម្នា នៅកន្លែងកើតហេតុ ហើយប្រជាពលរដ្ឋនៅក្នុងហេតុការណ៍នោះ បានជួយបញ្ជូនស្ត្រីរងគ្រោះ ទៅកាន់មន្ទីរពេទ្យវ៉ាន់ដា តែដោយសារសភាពរបួសស្ត្រីរងគ្រោះធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការសង្គ្រោះ៕