ដោយ៖ប៉ែន សុផល
បាត់ដំបង៖អាជ្ញាធរខេត្តដែលសំបូរដោយសំណង់ អគារបុរាណបានអំពាវនាវយ៉ាងទទួចដល់កូនខ្មែរគ្រប់រូបត្រូវពង្រឹងស្មារតីឡើងវិញ ខណៈវប្បធម៌បរទេសកំពុងមានកម្លាំងខ្លាំងគ្របដណ្ដប់និងពង្វក់ស្មារតីយ៉ាងជ្រៅក្នុងប្រទេស។
កាលពីចុងសប្ដាហ៍កន្លងមកនេះនៅក្នុងពិធីបិទមហោស្រពសិល្បៈកំណាព្យ និងចម្រៀងខ្មែរជាសកលលើកទី៤ អភិបាលខេត្តបាត់ដំបង លោក ចន្ទ័ សុផល បានមានប្រសាសន៍អោយដឹងថា ដើម្បីទប់ទល់នឹងសភាពការណ៍ដ៍គ្រោះថ្នាក់ដែលជាលទ្ធផលនៃជំនួបវប្បធម៌សកលលោក យើងជាខ្មែរគ្រប់រូបត្រូវបង្កើនស្មារតី ចូលរួមអោយបានខ្លាំងក្លាក្នុងការថែរក្សាវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ជាតិ អត្ដសញ្ញាណវប្បធម៌ អត្តសញ្ញាណជាតិអោយបានគង់វង្សក្នុងចរន្ដសកលភាវូបនីយកម្ម។
ផ្អែកលើមូលដ្ឋានវប្បធម៌ជាតិជាសេដ្ឋកិច្ចក្នុងទស្សនៈ “ព្រះរាជាណាចក្រកម្ពុជាជាមជ្ឍមណ្ឌលផ្សព្វផ្សាយវប្បធម៌ខ្មែរ” ឈរលើយុទ្ធសាស្ដ្រផ្សព្វផ្សាយទេសចរណ៍ “កម្ពុជាព្រះរាជាចក្រអច្ឆរិយះ” និងដាក់ចេញនូវគោលដៅ “កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌” ។យើងជាកូនខ្មែរត្រូវតែយល់ដឹងអោយកាន់តែច្បាស់ពីតម្លៃមហាសាលពុំអាចកាត់ថ្លៃបាននិងភាពសប្បូរបែបនៃបេតិកភណ្ឌវប្បធម៌ជាតិ ចូលរួមថែរក្សាការពារនិងលើកស្ញួយតម្លៃវប្បធម៌ជាតិជំរុញនឹងប្រើប្រាស់សក្ដានុពលបេតិកភណ្ឌវប្បធម៌ ប្រយោជន៍ទាក់ទាញវិនិយោគពីបរទេសកាន់តែច្រើនឡើងៗនិងជាការប្រែក្លាយព្រះរាជាណាចក្រកម្ពុជាអោយទៅជាគោលដៅទេសចរណ៍ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ជំរុញការប្រើប្រាស់សក្ដានុពលវប្បធម៌ខ្មែរដើម្បីជាថាមពលអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិតាមរយះការពង្រឹងនិងការបង្ករបង្កើតទំនិញវប្បធម៌ សេវាកម្មវប្បធម៌សម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ជាការបង្កើតនូវកាលានុវត្តភាពសម្រាប់ប្រជាជននិងរួមចំណែកកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តមបន្ថែមថា ដើម្បីសម្រេចបានតាមគោលបំណង កូនខ្មែរគ្រប់រូបត្រូវយកចិត្តទុកដាក់ជាសំខាន់ផងដែរលើការងារជាច្រើនរួមមានការរៀបចំក្រុងអោយទៅជាក្រុងបេតិកភណ្ឌ ប្រាងប្រាសាទនានា ការពារស្ថានីយ៍បូរាណវិទ្យា មានទួលប្រាសាទបុរាណ ទួលភូមិចាស់ បឹង ស្ពាន សំណង់បូរាណ រចនាបថ ស្ថាបត្យកម្ម ក្បាច់ភ្ញីពីបូរាណ គ្រប់គ្រងសិល្បៈសូនរូបនិងសិប្បកម្មដោយបើកវគ្គផ្សព្វផ្សាយអំពីក្បាច់ចម្លាក់ខ្មែរដល់ក្រុមជាងចម្លាក់លើឈើ ជាងសូនរូបអំពីស៊ីម៉ង់ ក្បាច់ភ្ញីព្រះភូមិ សត្វគ្រប់ប្រភេទ ពង្រឹងសិល្បៈមហាជនផ្នែករបាំ ផ្នែកចម្រៀងបូរាណ សម័យ សូត្រឬស្មូតកំណាព្យ ល្ខោនបាសាក់ ល្ខោនខោល ល្ខោនយីកេ ចាប៉ីដងវែង ផ្សព្វផ្សាយនិងពង្រឹងការអនុវត្តច្បាប់ស្ដីពីសិទ្ធអ្នកនិពន្ធនិងសិទ្ធប្រហាក់ប្រហែល ក្រៅពីនេះមន្ដ្រីពាក់ពន្ធ័ ក្រុមការងារតាមវត្តអារាម ចាស់ព្រឹទ្ធាចារ្យបន្ដររៀបចំអោយបានជាប្រចាំរាល់ឆ្នាំ ការតាំងពិពរណ៍បង្ហាញអំពីមុខម្ហូបអាហារនឹងបង្អែមដែលមានលក្ខណះប្រពៃណី ជំរុញបន្ថែមនូវការអបអរសាទពិធីបុណ្យប្រណាំងទូកង រៀបចំអោយមានការលេងល្បែងប្រជាប្រិយតាមរមណីយដ្ឋានសំខាន់ៗអោយបានផុលផុសពិសេសថែរក្សាប្រពៃណីទំនៀមទំលាប់ ជំនឿសាសនា ពិធីបុណ្យផ្សេងៗ រួមទាំងភាសា អក្សរ សីលធម៌ ចរិយាធម៌ និងគុណធម៌ផងដែរ៕
អាជ្ញាធរខេត្តអំពាវនាវដល់កូនខ្មែរគ្រប់រូបបង្កើនស្មារតី ខណៈវប្បធម៌បរទេសកំពុងគ្រប់ដណ្ដប់យ៉ាងជ្រៅក្នុងប្រទេស