ខេត្តកំពង់ធំ៖បុរសម្នាក់បានបញ្ចប់ជីវិតខ្លួនឯងដោយផឹកថ្នាំសម្លាប់សត្វល្អិតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាង។ ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិស្វាយអៀ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ណេន ណុល ភេទប្រុស អាយុ២២ឆ្នាំ ទើបតែសែនព្រេនជាប្តីប្រពន្ធជាមួយនារីម្នាក់ឈ្មោះ ជីង ឈៀង អាយុ១៩ឆ្នាំ រស់ក្នុងភូមិឃុំកើតហេតុខាងលើ រយៈពេល៣ខែប៉ុណ្ណោះ។
ប្រភពដដែលបញ្ជាក់ថា មុនពេលកើតហេតុប្តី-ប្រពន្ធទាំង២នាក់កាន់ទូរស័ព្ទ១គ្រឿងចុចលេងយ៉ាងសប្បាយរីករាយ។ លុះមួយសន្ទុះមិនដឹងយ៉ាងម៉េចក៏ដណ្តើមទូរស័ព្ទគ្នាទៅវិញទៅមក គ្រានោះបុរសជាប្តីកើតក្តីខឹង ក៏ដណ្តើមទូរស័ព្ទបានយកគប់ចោល រួចដើរទៅផឹកស្រាបាត់។ ប្រភពបន្ថែមថា បន្ទាប់ពេលត្រឡប់មកពីផឹកស្រា ប្តីក៏ដើរទៅខាងក្រោយផ្ទះ ហើយយកថ្នាំសម្លាប់សត្វល្អិត មកផឹកសម្លាប់ខ្លួនតែម្តងទៅ។
ក្រោយមក ទើបប្រពន្ធនិងសាច់ញាតិដឹងនាំគ្នាដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្ទោង ឱ្យជួយសង្គ្រោះ តែឥទ្ធិពលនៃថ្នាំពុលបានជ្រាបពេញរាងកាយបាត់ទៅហើយ ធ្វើឱ្យគ្រូពេទ្យមិនអាចជួយសង្គ្រោះបានក៏ស្លាប់តែម្តង ។
បន្ទាប់ពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួច ក៏ប្រគល់សាកសពទៅឱ្យសាច់ញាត់យកធ្វើបុណ្យតាមប្រពៃណី ៕