រាជធានីភ្នំពេញ៖នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១៤លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ប្រុស) រងរបួសធ្ងន់១៤នាក់ (ស្រី២នាក់) និងរបួសស្រាល៣នាក់ (ស្រី២នាក់ )។ នេះយោងតាមរបាយការណ៍របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៤គ្រឿង រួមមានម៉ូតូចំនួន១៩គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង រថយន្តធុនធំ ចំនួន ១គ្រេឿង យានផ្សេងៗ ចំនួន២គ្រឿង និងអ្នកថ្មើរជើង១នាក់។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន៦លើក (ស្លាប់៣នាក់) , ស្រវឹង ៣លើក (ស្លាប់៣នាក់),ប្រជែងគ្រោះថ្នាក់១លើក ,មិនប្រកាន់ស្តាំ១លើក, បត់គ្រោះថ្នាក់១លើក និងមិនគោរពសិទ្ធិ២លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៨នាក់ (យប់៨នាក់ ) ។
ជាមួយគ្នានោះនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២៨៦១គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១២៧៨គ្រឿង និងពិន័យសរុបចំនួន១៥៨៣គ្រឿង៕