ស៊ីរី៖ឧទ្ធម្ភាគចក្រយោធារុស្ស៊ីមួយគ្រឿងត្រូវបាញ់ទម្លាក់នៅប្រទេសស៊ីរីកាលពីថ្ងៃចន្ទដោយបានសម្លាប់មនុស្សទាំងអស់នៅក្នុងឧទ្ធម្ភាគចក្រនេះ និងជាឧបទ្ទវហេតុអាក្រក់បំផុតតែមួយគត់សម្រាប់ក្រុងមូស្គូចាប់តាំងពីបានធ្វើអន្តរាគមន៍នៅក្នុងសង្គ្រាមនៅស៊ីរី។
ការវាយប្រហារនេះបានកើតឡើងខណៈដែលពួកឧទ្ទាមស៊ីរីបាញ់ផ្លោងបណ្តាលឲ្យជនស៊ីវិល២៨នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងសង្កាត់ភាគនិរតីដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃទីក្រុងអាឡេប៉ូ។
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសពីការបាញ់ទម្លាក់ឧទ្ធម្ភាគចក្រនេះដែលត្រូវបានគេនិយាយថា កំពុងដឹកបុគ្គលិក៣នាក់និងមន្ត្រីពីរនាក់។ ក្រសួងការពារជាតិបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ីថា “ឧទ្ធម្ភាគចក្រដឹកជញ្ជូយោធានរុស្ស៊ី Mi-8 ត្រូវបានបាញ់ធ្លាក់បន្ទាប់ពីផ្តល់ជំនួយមនុស្សធម៌ទៅកាន់ទីក្រុងអាឡេប៉ូ”។
ជាមួយគ្នានោះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកកាសែតថា “តាមព័ត៌មានដែលយើងដឹងពីក្រសួងការពារជាតិ អ្នកនៅលើឧទ្ធម្ភាគចក្រទាំងអស់បានបាត់បង់ជីវិត ពួកគេបានបាត់បង់ជីវិតដោយភាពអង់អាចព្រោះពួកគេកំពុងបំពេញភេរកិច្ច”។
ទន្ទឹមនោះ លោកឧត្តមសេនីយ៍ឯក Sergei Rudskoy បានហៅការបាញ់ទម្លាក់នេះថាជា “អំពើភេរវកម្ម” និងនិយាយថា ក្រសួងការពារជាតិនៅតែកំពុងព្យាយាមដើម្បីបញ្ជាក់ពីជោគវាសនារបស់យោធារុស្ស៊ីតាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថា រាប់ទាំងហេតុការណ៍នេះបានធ្វើឲ្យចំនួនសរុបនៃកងកម្លាំងរុស្ស៊ីនៅប្រទេសស៊ីរីស្លាប់កើនដល់១៨នាក់ហើយ៕