ស៊ីរី៖ក្រុមអ្នកស៊ើបអង្កេតសិទ្ធិមនុស្សបាននិយាយថា ជនស៊ីវិល៣០នាក់បានស្លាប់ និងជាង២០០នាក់រងរបួស បន្ទាប់ពីក្រុមឧទ្ទាមបានបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងត្បាល់ដាក់ទាហានរដ្ឋាភិបាល ដែលគ្រប់គ្រងផ្នែកខ្លះនៅភាគខាងជើងទីក្រុងAleppoប្រទេសស៊ីរី។
នេះបើតាមទូរទស្សន៍ជាតិស៊ីរីបានចុះផ្សាយដោយស្រង់សម្តីមន្ត្រីនាំពាក្យកងកម្លាំងប្រជាធិបតេយ្យស៊ីរីបាននិយាយថា ការវាយប្រហារទ្រង់ទ្រាយធំចុងក្រោយនៅទីក្រុងAleppo ភាគច្រើនជាសកម្មភាពរបស់Jaish al-Fateh និងJabhet Fateh al-Sham ដែលគេស្គាល់ថា ជាក្រុមសកម្មប្រយុទ្ធ Nusra Front។ ចំណែកជនស៊ីវិលរស់នៅទីក្រុងAleppo ត្រូវបានទាហានស៊ីរីសហការជាមួយរុស្ស៊ី ជម្លៀសប្រជាជនរស់នៅតំបន់ភាគខាងកើតទីក្រុងតាមច្រកសុវត្ថិភាព។
បើតាមអ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីឲ្យដឹងថា ទាហានស៊ីរីបានរឹបអូសយកទីតាំងមួយចំនួន ពីក្រុមឧទ្ទាមអំឡុងពេលវាយលុកទ្រង់ទ្រាយធំ នៅភាគខាងត្បូងទីក្រុងAleppoកាលពីថ្ងៃអាទិត្យ។ ក្រុមសិទ្ធិមនុស្សមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានឲ្យដឹងដែរថា ការប៉ះទង្គិចគ្នានៅភាគខាងត្បូងទីក្រុងAleppo នៅតែបន្តក្តៅគគុកនៅឡើយ។
គួរបញ្ជាក់ថា ទាហាន al-Fatehនៃក្រុមសកម្មប្រយុទ្ធNusra Front បានប្រកាសតាមរយៈវីដេអូថា នឹងចាប់ផ្តើមវាយលុកទ្រង់ទ្រាយធំ លើទាហានស៊ីរីនៅទីក្រុងAleppo ខណៈដែលទីក្រុងមួយនេះបច្ចុប្បន្ន ស្ថិតក្រោមការគ្រប់គ្រងដោយទាហានរដ្ឋាភិបាលផង និងក្រុមឧទ្ទាមផង៕