រាជធានីភ្នំពេញ៖យោងតាមមន្ត្រីអ្នកនាំពាក្យ បានឲ្យដឹងថា ក្រសួងយុត្តិធម៌ នឹងធ្វើការតាមដានរឿងចៅក្រមស៊ើបសួរ សាលាដំបូងខេត្តមណ្ឌលគិរី ដែលអនុញ្ញាតឲ្យជនត្រូវចោទ២នាក់ នៅក្រៅឃុំ បន្ទាប់លេចឮព័ត៌មានមិនប្រក្រតីក្នុងការសម្រេចនេះ ។
សូមបញ្ជាក់ថា ជនត្រូវចោទចំនួន២នាក់ ត្រូវបានចៅក្រមស៉ើបសួរ គឺលោក សំអឿន កោសល្យមុនី សំរេចឲ្យនៅក្រៅឃុំបន្ទាប់ពី មន្ត្រីនគរបាលធ្វើការឃាត់ខ្លួន ពាក់ព័ន្ធការចោទប្រកាន់ថា ជនសង្ស័យទាំង២រូបនេះ បានឆបោក និងក្លែងឯកសារសាធារណៈ និងត្រូវបានព្រះរាជអាជ្ញារង សំរេចធ្វើការចោទប្រកាន់ ក្នុងបទល្មើសទាំងពីរខាងលើផងដែរ។
ការអនុញ្ញាតឲ្យនៅក្រៅឃុំ ដោយចៅក្រមស៊ើបសួរនេះ ធ្វើឲ្យមានការរិះគន់ពីមន្ត្រីអនុវត្តច្បាប់ គឺនគរបាលយុត្តិធម៌ ដែលជាអ្នកដុតដៃដុតជើង ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ។ មិនតែប៉ុណ្ណោះព្រះរាជអាជ្ញារង ជាអ្នកចោទប្រកាន់ ក៏មិនឯកភាពទៅនឹងការអនុញ្ញាត ឲ្យនៅក្រៅឃុំនេះដូចគ្នា ហើយក៏សំរេចប្ដឹងទៅសាលាឧទ្ទរណ៍ផងដែរ។
យ៉ាងណាក៏ដោយ សាធារណមតិលើកឡើងថា ករណីដូចគ្នានេះ កើតមានញឹកញ៉ាប់មកហើយ ប៉ុន្តែគេមិនដែលឃើញមានចំណាត់ការអ្វីទៅលើបុគ្គលដែលធ្វើការសម្រេចខុសនិតិវិធី ឬបង្ហាញនូវភាពមិនប្រក្រតីនោះឡើយ៕