ដោយ៖ប្រុញ វិធិន
ក្រចេះ៖ជនសង្ស័យក្នុងករណីជួញដូរគ្រឿងញៀនដ៏ធំនៅស្រុកស្នួល ដោយត្រូវកម្លាំងនគរបាលស្រុក ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារង ចុះចាប់ឃាត់កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦កន្លងមកនេះ ត្រូវកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនបញ្ជូនទៅតុលាការខេត្តក្រចេះ។
លោកវរសេនីយ៍ទោ គង់ ស៊ីដន នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនធំមួយនៅស្រុកស្នួល ត្រូវបាននគរបាលស្រុក ឆ្មក់ចុះឡោមព័ទ្ឋលំនៅដ្ឋានបង្ក្រាបបាន ក្រោយមកត្រូវបានបញ្ជូនមកធ្វើការសាកសួរបន្ថែមធ្វើកំណត់ហេតុ និងធ្វើតេសរកឃើញសារធាតុញៀនពិតប្រាកដហើយនោះ គឺត្រូវកម្លាំងនគរបាលជំនាញបញ្ជូនជនសង្ស័យទាំង ២នាក់ ខាងលើ ទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី០២ ខែសីហានេះ ។
លោក គង់ ស៊ីដន បានបញ្ជាក់ថា ជនសង្ស័យ ២នាក់នោះ ទី១ឈ្មោះ ឈួន រះ អាយុ ៤១ឆ្នាំ រស់នៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ជននេះ ត្រូវនគរបាល កំណត់ថា ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្ម ។ ហើយជន សង្ស័យរូបនេះ ជាមុខសញ្ញាមិនរាងចាលធ្លាប់ជាប់ព័ន្ឋនាគារម្តងរួចមកហើយពាក់ព័ន្ឋនិងករណីជួញដូគ្រឿងញៀន ។
ជនសង្ស័យទី២ឈ្មោះ រដ្ឋ ចាន់ អាយុ ៣៦ឆ្នាំ មានទីលំនៅក្នុងស្រុកស្នួល ក៏ត្រូវបានកម្លាំងនគរបាល ចាប់ឃាត់ខណៈដែលជនសង្ស័យរូបនោះ កំពុងតែចូលទៅទិញគ្រឿងញៀន ទីតាំងខាងលើ ដោយកម្លាំងសមត្ថកិច្ច បានឆែកឆេររកឃើញគ្រឿងញៀនប្រភេទម៉ាទឹកក ចំនួន ១១កញ្ចប់តូចធំ ស្មើនឹង៤,៦៣ក្រាម ដែលជនសង្ស័យ បានលាក់ទុកនៅក្នុងលំនៅដ្ឋាននោះ ។
លោក នាយការិយាល័យគ្រឿងញៀន បានបញ្ជាក់បន្ថែមថា ពេលនេះជនសង្ស័យទាំងពីររួមទាំងគ្រឿងញៀន ដែលបានបង្ក្រាប គឺត្រូវកម្លាំងនគរបាលការិយាល័យជំនាញចាត់បញ្ជូនទៅកានសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ នេះហើយដើម្បីចាត់ការបន្តតាមនីតិវិធី ។យោងតាមរបាយកាណ៍របស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តក្រចេះ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៥ មិថុនា ដល់ថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៦នេះ កម្លាំងនគរបាល បង្ក្រាបបានចំនួន ៤ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ៦នាក់ និងដកហូតវត្ថុតាំងបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៤៣កញ្ចប់ ស្មើនឹង៤០,៦៤ក្រាម៕