ភ្នំពេញ៖ក្រុមរត់ឡានតាក់ស៊ីអនាធិបតេយ្យដែលតែងតែចាប់ម៉ូយបង្កភាពអត់សណ្តាប់ធ្នាប់នៅខណ្ឌច្បារអំពៅ បានបង្កជម្លោះវាយតប់គ្នា កាលពីព្រឹកថ្ងៃទី៣ ខែសីហា ព្រោះជម្លោះដណ្ដើមម៉ូយ ។ ប៉ុន្តែដោយសារប្រជាពលរដ្ឋជួយឃាត់ទាន់ពេលវេលាទើបមិនបង្កឲ្យមានរបួសស្នាម។ ករណីនេះ កើតឡើងនៅចំណុចគល់ស្ពានព្រះមុនីវង្សថ្មីត្រើយខាងកើត ក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។
អភិបាលរងខណ្ឌច្បារអំពៅលោក រស់ សុភ័ក្ដ្រ បញ្ជាក់ថា អាជ្ញាធរនឹងចាត់វិធានការបន្ទាន់ចំពោះបញ្ហានេះ ។
ប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា អ្នករត់រថយន្តឈ្នួល២នាក់ បានឈ្លោះគ្នារហូតដល់កាន់ដំបងនិងដុំថ្មរៀងៗខ្លួន ប្រុងប្រើហិង្សាវាយតប់គ្នា ព្រោះតែការដណ្តើមម៉ូយដាក់រថយន្តមិនបាន បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និង ប្រជាពលរដ្ឋក្បែរចោមរោមមើល ធ្វើអោយចរាចរ ធ្វើឲ្យ ចាប់ពីគល់ស្ពានព្រះមុនីវង្សថ្នីដល់ ស្តុបច្បារអំពៅ ត្រូវកកស្ទះចរាចរជាងមួយម៉ោង ។
ប្រជាពលរដ្ឋ ដដែលបន្តថា នៅចំណុចទីតាំងគល់ស្ពាននេះ ក្រុមអ្នករត់ឡានតាក់ស៊ីតែងចតរថយន្តរង់ចាំទទួលម៉ូយ យ៉ាង អនាធិបតេយ្យ ដោយពេលខ្លះម្ចាស់រថយន្តតែងរត់ទៅទាញយកឥវ៉ាន់ និងសម្ភារៈពីអ្នកដំណើរស្ទើរធ្លាក់ពីលើម៉ូតូ ខណៈដែលអ្នកដំណើរដែលមានបំណងចង់ជិះរថយន្ត ។
ប្រភពព័ត៌មាន បញ្ជាក់ថា មានពេលខ្លះ អ្នករត់រថយន្តទាំងនោះ តែងទាស់ពាក្យសម្តីឈ្លោះប្រកែកគ្នា ស្ទើររៀងរាល់ថ្ងៃផងដែរ ក្រោយពេលពួកគេដណ្តើមម៉ូយគ្នាមិនត្រូវ បង្កអោយមានភាពអសណ្តាប់ធ្នាប់ ។
ពាក់ព័ន្ធករណីនេះ លោក រស់ សុភ័ក្ដ្រ អភិបាលរងខណ្ឌច្បារអំពៅ បញ្ជាក់ថា អាជ្ញាធរតែងចុះធ្វើសណ្តាប់ធ្នាប់ជារៀងរាល់ ថ្ងៃ តាមផ្លូវជាតិលេខ១ គិតចាប់ពីគល់ស្ពាន ព្រះមុនីវង្សថ្មី រហូតដល់ផ្សារព្រែកឯង និង មួយផ្លូវទៀតពីគល់ស្ពាន តាមបណ្តោយផ្លូវលេខ៣៦៩ សង្កាត់ព្រែកប្រាដល់ផ្សារចាម ។
ជាពិសេសចំណុចអសណ្តាប់ធ្នាប់របស់រថយន្តឈ្នួលនោះ អាជ្ញាធរ តែងចុះរៀបចំជារៀងរាល់ថ្ងៃ ដោយកន្លងមកបានកោះហៅម្ចាស់រថយន្តឈ្នួលមកអប់រំណែនាំជាច្រើនលើកច្រើនសា រហូតធ្លាប់ឃាត់រថយន្តមករក្សាទុកនៅសាលាខណ្ឌអស់ជាច្រើនថ្ងៃផងដែរ ។ ប៉ុន្តែក្រុមអ្នករត់រថយន្តទាំងនោះ នៅតែប្រព្រឹត្តទង្វើប្រាស់ចាកនូវគោលការណ៍ណែនាំរបស់សាលាខណ្ឌដដែល ។
លោកអភិបាលរងបានបន្តថា ក្រុមការងាររបស់លោកនឹងបន្តចុះធ្វើបន្ថែមទៀត និង ដាក់ពិន័យធ្ងន់ធ្ងរបន្ថែមដល់ក្រុមអ្នករត់រថយន្តដែលកំពុងនៅតែបំពាន នឹងការណែនាំ បើពុំនៅតែពុំមានលទ្ធផលល្អទេនោះ លោកនឹងធ្វើរបាយការណ៍ស្នើទៅថ្នាក់លើ សុំគោលការណ៍តឹងរឹង ខ្លាំងជាងនេះ ដើម្បីទប់ស្កាត់សណ្តាប់ធ្នាប់នេះអោយបានប្រសើរឡើងវិញ៕