ដោយ៖ប៉ែនសុផល
បាត់ដំបង៖ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ជាច្រើនប្រភេទត្រូវបានមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធឃុបឃិតអោយក្រុមឈ្មួញដឹកនាំចេញពីប្រទេសថៃមកកម្ពុជាតាមច្រកភ្នំដី ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រភពបន្តថា ជារៀងរាល់ថ្ងៃគេតែងឃើញទំនិញជាច្រើនប្រភេទត្រូវបានក្រុមឈ្មួញដឹកជញ្ជូនតាមរទេះបែបជាលក្ខណៈគ្រួសារដើម្បីជាការបំភ័ន្តភ្នែកហើយយកទៅស្តុកទុកនិងយករថយន្តមកដឹកបន្តទៅចែកចាយនៅតាមបណ្តាស្រុកនានា ពិសេសក្នុងក្រុងបាត់ដំបងតែម្តង។
ប្រភពបន្តទៀតថា៖ការដឹកជញ្ជូនទំនិញតាមរទេះរបស់ក្រុមឈ្មួញឆ្លងកាត់មុខមន្ត្រីគយនិងអាជ្ញាធរពាក់ព័ន្ធទាំងនោះគេសង្កេតឃើញថាគ្រាន់តែបានងក់ក្បាលដាក់គ្នាជាសញ្ញាជាការស្រេច ហើយមន្ត្រីទាំងនោះគ្រាន់តែអង្គុយស្ងៀមចាំកត់រាប់ចំនួនរទេះ។
ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នេះ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីលោកជា វុទ្ធី ប្រធានការិយាគយ និងរដ្ឋាករច្រកភ្នំដីបានទេ ដោយលោកប្រាប់ថារវល់ប្រជុំ។
ចំណែកលោក ឈុន សុភមង្គល ប្រធានសាខាគយនិងរដ្ឋាករខេត្តបាត់ដំបងក៍មិនអាចធ្វើការទំនាក់ទំនងបានដែរនៅព្រឹកនេះដោយសារទូរស័ព្ទជាប់រវល់។ បើទោះបីជាយ៉ាងណាសារព័ត៌មានយើងនិងព្យាយាមធ្វើការទំនាក់ទំនងនៅពេលក្រោយទៀត៕
ទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ច្រើនប្រភេទនាំចូលពីប្រទេសថៃតាមច្រកភ្នំដី