អតីត​នាយករដ្ឋមន្ត្រី​ថៃ​ចូល​តុលាការ​បំភ្លឺ​លើ​ករណី​គម្រោង​ស្រូវ​អង្ករ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 August, 2016 ក+ ក-

បាងកក​៖​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង ឡាក់ ស៊ីណាវ៉ាត្រា បានបង្ហាញ​ខ្លួន​ក្នុង​តុលាការ​នៅ​ថ្ងៃ​សុក្រ​ដើម្បី​ផ្តល់​សេចក្តីថ្លែងការណ៍​មួយ​ក្នុងការ​ជំនុំជម្រះ​បទល្មើស​ព្រហ្មទណ្ឌ​លើ​ការគ្រប់គ្រង​គម្រោង​ស្រូវ​អង្ករ​របស់​លោកស្រី​ដែល​ក្រុម​អ្នក​រិះគន់​និយាយថា បាន​បំផ្លាញ​ទឹកប្រាក់​រាប់​កោដិ​ដុល្លារ​។​
​លោកស្រី​យី​ង​ឡាក់​ដែលជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង​គេ​របស់​ប្រទេស​ថៃ​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ដោយ​តុលាការ​មួយ​ប៉ុន្មាន​ថ្ងៃមុន​ពេល​យោធា​ឡើងកាន់​អំណាច​ក្នុង​រដ្ឋប្រហារ​ខែឧសភា​ឆ្នាំ​២០១៤​។​
​គម្រោង​នេះ​ដែលជា​គោលនយោបាយ​មួយ​ជួយ​ឲ្យ​លោកស្រី​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ក្នុង​ឆ្នាំ​២០១១​គឺជា​កត្តា​ជំរុញ​ឲ្យ​មាន​ការតវ៉ា​តាម​ដងផ្លូវ​យ៉ាងខ្លាំង​ក្នុង​ឆ្នាំ​២០១៤​ដែល​នាំទៅដល់​ការកាន់កាប់​ដោយ​យោធា​។​
​លោកស្រី​យី​ង​ឡាក់​បាន​ប្រាប់​អ្នកកាសែត​ខណៈដែល​អ្នក​គាំទ្រ​លោកស្រី​រាប់រយ​នាក់​ប្រមូលផ្តុំ​គ្នា​នៅឯ​តុលាការ​កំពូល​ភាគ​ខាងជើង​រាជធានី​បាងកក​ថា “​ខ្ញុំ​ជឿជាក់ថា នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្ញុំ​នៅថ្ងៃនេះ ខ្ញុំ​នឹងធ្វើ​ឲ្យ​បានល្អ​បំផុត​ដើម្បី​បង្ហាញថា ខ្ញុំ​គ្មាន​ទោសកំហុស​ដូចដែល​ខ្ញុំ​ត្រូវបាន​គេ​ចោទប្រកាន់​នោះទេ​”​។​
​លោកស្រី​យី​ង​ឡាក់​បាន​រង​ការចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​លើ​ការគ្រប់គ្រង​នៃ​កម្មវិធី​ស្រូវ​អង្ករ​នេះ​ដែលជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ប្រជា​និយម​បង្កើតឡើង​ដោយ​បងប្រុស​របស់លោក​ស្រី​គឺ​អតីត​នាយករដ្ឋមន្ត្រី​លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា​។ លោក​ថាក់ស៊ីន​ក៏ត្រូវ​បាន​ផ្តួល រលំ​ផងដែរ​នៅក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០០៦ ។​
​ត្រកូល​ថាក់ស៊ីន​គឺជា​ចំនុចកណ្តាល​ចំពោះ​ជម្លោះ​មួយ​ដែល​បាន​បែងចែក​ប្រជាជន​ថៃ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកនេះ​។ លោក​បានរស់នៅ​ក្នុងកា​រ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​ដើម្បី​ជៀសវាង​ការជាប់​ពន្ធនាគារ​សម្រាប់​ការចោទប្រកាន់​ពីបទ​រំលោភ​អំណាច​ដែល​លោក​បាន​និយាយថា នោះ​គឺជា​ការជំរុញ​ខាង​ផ្នែក​នយោបាយ​៕

thailand_former_pm_march_2016