ខេត្តស្ទឹងត្រែង៖បុរសជនជាតិឡាវម្នាក់រួមនិងថ្នាំញៀន១កញ្ចប់ធំត្រូវបានកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំដោយលោកមេប ញ្ជាការធ្វើការបង្ក្រាបនិងចាប់ខ្លួននៅក្នុងទឹកដីនៃស្រុកថាឡាបរិវ៉ាត់តាមបណ្តោយផ្លូវជាតិលេខ៩នៅវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ក្នុងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦នេះ ត្រង់ចំណុចភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងអាវុធហត្ថខេត្តចាប់ខ្លួននាពេលនេះ មានឈ្មោះ ឡាវសុផាវ៉ាន់ ស៊ីងដៅវ៉ាន់ (ហៅវ៉ាន់ឌីអូន) អាយុ៤៨ឆ្នាំ ជនជាតិឡាវកាត់ខ្មែរ មុខរបរធ្វើស្រែ មានទីលំនៅក្នុងភូមិហាស៊ីឃូន ឃុំហាស៊ីឃូន ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្តថា ជនសង្ស័យបុរសជនជាតិឡាវខាងលើនេះ គឺជាមុខសញ្ញាចាស់យ៉ាងសកម្មក្នុងការជួញដូរគ្រឿងញៀនឆ្លងដែន ហើយក៏ត្រូវបានកម្លាំងអាវុធហត្ថធ្វើតាមដាននិងឃ្លាំមើលក្នុងរយៈពេលកន្លងមក ហើយខណៈពេលដែលជនសង្ស័យធ្វើចរាចរណ៍គ្រឿងញៀនពីប្រទេសឡាវចូលមកក្នុងទឹកដីកម្ពុជា លុះមកដល់ចំនុចខាងលើ ទើបកម្លាំងអាវុធហត្ថកំ ណត់មុខសញ្ញាបាន ហើយឈានទៅដល់ការចាប់ខ្លួនបញ្ជូនមកកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីសួរនាំ ។
សូមបញ្ជាក់ថា ក្នុងពេលកម្លាំងអាវុធហត្ថធ្វើការចាប់ខ្លួនជនសង្ស័យនោះ សមត្ថកិច្ចដកហូតបានវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន១កញ្ចប់ធំរួមនិងរថយន្តម៉ាកវីហ្គោ០១គ្រឿងទៀតផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យជនជាតិឡាវកាត់ខ្មែរ រួមនិងវត្ថុតាងគ្រឿងញៀន១កញ្ចប់រថយន្ត០១គ្រឿង ត្រូវបានកម្លាំងជំនាញរបស់អាវុធហត្ថខេត្តស្ទឹងត្រែង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕