គំនិត​ខុសគ្នា​រឿងចុះឈ្មោះ​បោះឆ្នោត​ក្នុង​ថ្ងៃបុណ្យ​បិណ្ឌ​ភ្ជុំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 August, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សំណើ​របស់​បក្សប្រឆាំង​បាន​ទៅដល់​ដៃ គ​.​ជ​.​ប ហើយ​ដែល​ស្នើ​ឲ្យ​មានការ​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​ថ្ងៃបុណ្យ​បិណ្ឌ​ភ្ជុំ ដើម្បី​ងាយស្រួល​ដល់ក​ម្មករ កម្មការិនី ។ ប៉ុន្តែ​អ្វីដែល​ចោទ​ជា​បញ្ហា​នោះ គឺ​មន្ត្រី​ចុះឈ្មោះ​បោះឆ្នោត​បាន​ឈប់សម្រាក​តែ​រយៈពេល​៣​ថ្ងៃ​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​នៃ​អំឡុងពេល​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​។ ដូច្នេះ​តើ​ត្រូវ​សម្រេច​យកតាម​សំណើ​បក្សប្រឆាំង​ឬ​ត្រូវ​ទាត់ចោល​សំណើ​នោះ ។​
​សូមជម្រាបថា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ទេព នីថា បានឱ្យដឹងថា គ​.​ជ​.​ប កំពុងធ្វើការ​ពិចារណា​លើ​សំណើ របស់​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ការស្នើ​ឱ្យ គ​.​ជ​.​ប ធ្វើការ​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​ជូន​កម្មករ ដែល​ទៅលេង​ស្រុកកំណើត ប៉ុន្តែ​លោក​ថា អំឡុង​ចុះឈ្មោះ​បោះឆ្នោត​៣​ខែ​នោះ មន្ត្រី​គ​.​ជ​.​ប ឈប់សម្រាក​តែ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ប៉ុណ្ណោះ ឯ​ថ្ងៃ​ចុង​សប្តាហ៍ សៅរ៍ អាទិត្យ​មិនបាន​សម្រាក​ទេ​។​
​លោក ទេព នីថា បាន​ថ្លែង​ក្នុង​ស​ន្និសិទ​កាសែត​ថា «​ក្រុម​ចុះឈ្មោះ​បោះឆ្នោត គាត់​នឹងធ្វើ​ការ​ទាំង​ថ្ងៃ​សៅ​រិ៍ អាទិត្យ ហើយ​គាត់​មានឱកាស​ឈប់ បានតែ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។ ដូច្នេះ គ​.​ជ​.​ប មិនទាន់​ពិចារណា​រឿង ប៉ុន្តែ​នៅពេល​ខាងមុខ យើង​នឹង​ឆ្លើយតប​លើ​រឿងនេះ ព្រោះ​គ​.​ជ​.​ប ធ្លាប់មាន​បទពិសោធន៍​ដោះស្រាយ​រឿងនេះ​រួចហើយ៕

fn-2016-08-05-14-52-15-0