ខេត្តកំពង់ស្ពឺ៖សមត្ថកិច្ចនៅព្រឹកថ្ងៃទី៨ ខែសីហានេះ បានបញ្ជូនគ្រូមន្តអាគមន៍ម្នាក់ ដែលល្បួងយកកូនអ្នកស្រុកទៅរំលោភ បានសម្រេចទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គួរម្លឹកថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរូបនេះ ចំណុចភូមិផ្សារកន្ទួត ឃុំសង្កែរសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ ខណៈជននេះបានតាមរកនារីរងគ្រោះដល់ផ្ទះ ។
ការចាប់ខ្លួនគ្រូមន្តអាគមន៍នោះធ្វើឡើង បន្ទាប់ពីបានចាប់បង្ខាំងនាងក្រមុំម្នាក់ចាប់រំលោភដោយមានលេសថា បណ្តេញអាបធ្មប់ចេញពីខ្លួន និងបញ្ចុះញ្ញាណជនរងគ្រោះ ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ឃិត នាង ហៅគ្រូធំ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរគ្រូទស្សន៍ទាយ មើលជំងឺ(មន្តអាគម) នៅភូមិលាក់កូប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកនារីរងគ្រោះជានារីក្រមុំ អាយុ២៣ឆ្នាំ ។
នារីរងគ្រោះបានរៀបរាប់ថា មុនដំបូងរូបនាងចេះតែមានអាការៈល្ហិតល្ហៃដូចជាខ្សោយបេះដូង តែម្តាយនាងមិនបាននាំនាងទៅរកពេទ្យព្យាបាលនោះទេ ។ ប៉ុន្តែនាងបានស្គាល់ជនសង្ស័យ ខណដែលជននេះបានមកធ្វើពិធីដំឡើងគ្រូឲ្យអ្នកភូមិម្នាក់ ឃើញដូច្នោះ ម្តាយនាងបានទៅរកជននេះឲ្យទាយមើល ពេលនោះគេប្រាប់ថា នាងត្រូវអំពើអាបធ្មប់ ទាល់តែបណ្តេញអាបធ្មប់ និងបញ្ចុះញ្ញាណចេញទើបជាសះស្បើយ ហើយគេក៏តម្រូវថាយកនាងទៅភ្នំគូលែនដើម្បីបំបូស តែនេះមិនបានដល់គោលដៅទេ គឺគេបាននាំនាងទៅខេត្តកំពង់ចាម ដោយចាប់បង្ខំនាងឲ្យនៅទីនោះ ហើយដកយកទូរស័ព្ទមិនឲ្យទាក់ទងជាមួយអ្នកផ្ទះបានឡើយ ។
នៅកំពង់ចាម ជននេះចាប់បង្ខំរំលោភនាងជាច្រើនដង ដោយបានបង្ខំឲ្យនាងធ្វើសកម្មភាពជាមួយគេ ហាក់បីដូចជារឿងសិចអ៊ីចឹង ដោយទ្រាំនឹងសកម្មភាពឃោរឃៅរបស់ជននេះមិនបាន នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ រូបនាងមានឱកាសបានរត់គេចខ្លួន ដោយសុំឡានគេជិះត្រឡប់មកដល់ផ្ទះវិញ ហើយបានរៀបរាប់ពីសកម្មភាពជនកំហូចនេះប្រព្រឹត្តមកលើនាង ទើបឪពុកម្តាយភ្ញាក់ខ្លួនថា ចាញ់បោកជនកំហូចរូបនេះ ក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជននេះមកផ្តន្ទាទោស ។
ក្រោយឃាត់ខ្កួនគ្រូកំហូចជាជនសង្ស័យបាននិយាយទាំងអំនួតថា គេធ្វើពិធីដេញអាបធ្មប់ និងបញ្ចុះញ្ញាណមិនទាន់ចប់ឡើយ ហេតុអីបានជានាងរត់មកផ្ទះ។ នៅពេលឃើញគ្រូកំហូចនេះមកដល់ផ្ទះ ឪពុកម្តយយនាងបានរាយការណ៍អោយសមត្ថកិច្ចមកឃាត់ខ្លួនតែម្តង ៕