រាជធានីភ្នំពេញ៖សាលាឧទ្ធរណ៍ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ បានច្រានចោល បណ្តឹងសុំមោឃភាពការចាប់ខ្លួនលោក នី ចរិយា ហើយសម្រេចឲ្យមានការបន្តឃុំខ្លួនទៀត ។
លោក សំ សុគង់ មេធាវីការពារក្តីលោក នី ចរិយា បានថ្លែងប្រាប់អ្នកកាសែតក្រោយពេលសវនាការថា កូនក្តីរបស់លោកបានប្តឹសុំមោឃភាពចំពោះនៅតំណាក់កាលនគរបាលយុត្តិធម៌ដែលបានចាប់ខ្លួនលោកនៅពេលកោះហៅមកសាកសួរ ខណដែលលោក នី ចរិយា មិនបាននិយាយជាមួយអ្នកកាសែតទេ។
លោក សំ សុគង់ បានលើកឡើងថា ចៅក្រមសភាស៊ើបសួរបានច្រានការស្នើសុំរបស់មេធាវីចាត់ជាអាសាបង់ និងបានសម្រេចបង្វិលសំណុំរឿងនេះ ទៅចៅក្រមស៊ើបបន្តនីតិវិធីតាមច្បាប់។ លោកមេធាវីថា ការសម្រេចនេះ ដោយតុលាការសំអាងហេតុថា ការសាកសួរច្រើនដងរបស់នគរបាលយុត្តិធម៌មិនមានច្បាប់ណាចែងថា ប៉ះពាល់ដល់សិទ្ធិទេ។ ការសួរនេះ ដើម្បីរកអង្គហេតុផ្សេងទៀត ពេលនេះតុលាការច្រានចោលបណ្តឹងនេះតែម្តងទៅ។
លោកមេធាវីបានលើកឡើងថា ការដាក់បណ្តឹងសុំមោឃភាពនេះ ដោយមេធាវីបានមើលឃើញថា ការអនុវត្តនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌បានរំលោភរដ្ឋធម្មនុញ្ញមាត្រា៣៨ ដោយសារការសួរយកចម្លើយគាត់ច្រើនដង រហូតដល់បួនដងសួរពេលម៉ោងធ្វើការងារផង សួរក្រៅម៉ោងធ្វើការងារផង និងសួរពេលយប់ផង។
លោកនី ចរិយា អគ្គលេខាធិការរង គ.ជ.ប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនជាមួយនិងបុគ្គលិកជាន់ខ្ពស់អង្គការអាដហុកចំនួន៤នាក់ទៀត កាលពីថ្ងៃទី២៨ មេសា ២០១៦ និងត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីក្នុងរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ៕