ខេត្តសៀមរាប៖ប៉េអឹមពាក់ស័ក្តិ៤ខេត្តកំពង់ធំម្នាក់ ដែលមានតួនាទីជាជំនួយការមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ត្រូវបានមន្ដ្រីរដ្ឋបាលព្រៃឈើសៀមរាប ចាប់ដាក់ខ្នោះទៅតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ខណៈមន្ដ្រីប៉េអឹមរូបនេះ បើកឡានរបស់ខ្លួនកាងឡាន ដឹកឈើគ្រញូង និងរារាំងផ្លូវសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។
ហេតុការណ៍នេះធ្វើឡើង ចាប់ពីម៉ោង៤ទាបភ្លឺថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ចាប់ពីចំណុចស្រុកបន្ទាយស្រី រហូតដល់ម៉ោង៥ និង៣០នាទីព្រឹកថ្ងៃដដែលទើបចាប់បាននៅចំណុចផ្លូវជាតិលេខ៦ក្នុងស្រុកប្រាសាទបាគង។
លោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានឲ្យដឹងថា មន្ត្រីប៉េអឹម ដែលត្រូវចាប់ឃាត់ខ្លួន នោះមានឈ្មោះ សេង ប៊ុនតេង មានឋានន្តរស័ក្តិ វរសេនីយ៍ត្រី មានតួនាទីជាជំនួយការលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ធំ។
លោក បន្តថា មូលហេតុដែលឈានទៅដល់ការចាប់ឃាត់ខ្លួន លោកប៉េអឹមស័ក្តិ៤នេះ ដំបូងសមត្ថកិច្ច បានស្ទាក់ចាប់រថយន្តដឹកបទល្មើសព្រៃឈើ១គ្រឿង(ដឹកឈើគ្រញូង) ខណៈនោះលោកស័ក្តិ៤ប៉េអិម រូបនេះ បានបើករថយន្តម៉ាក លុចស៊ីស៤៧០ពាក់ស្លាកលេខភ្នំពេញ2L9861 ពណ៌ខ្មៅរបស់ខ្លួនមកពាំងពីមុខរថយន្តសមត្ថកិច្ច។ រថយន្តលោកប៉េអឹមមួយគ្រឿងនេះ បើករេពេញថ្នល់ ពាំងឆ្វេងស្តាំធ្វើឲ្យរថយន្តសមត្ថកិច្ចចំនួន៣គ្រឿង មិនអាចឡើងស្ទាក់ចាប់រថយន្តដឹកបទល្មើសបាន។ក្នុងគ្រាដែលសមត្ថកិច្ចនៅតែបន្តដេញចាប់ រថយន្តដឹកបទល្មើសប៉េអិមរូបនេះ បានហៅរថយន្តបក្ខពួក របស់គេ១គ្រឿងទៀតម៉ាកកាមរីឆ្លាម មកជួយរាំងផ្លូវរហូតរថយន្តដឹកបទល្មើសរត់គេចបាត់។
លោកបន្តថា ក្នុងស្ថានការនោះតំណាងអយ្យការអមសាលាដំបូងខេត្តបញ្ជាឲ្យចាប់រថយន្តដែលរារាំង ដំណើរការបង្ក្រាបបទល្មើសរបស់សមត្ថកិច្ចហើយក្រុមសមត្ថកិច្ចក៏បានដេញស្ទាក់ចាប់រថយន្តឡិចស៊ិស របស់ប៉េអិមរូបនេះ ឆ្វែលពេញក្រុងសៀមរាប រហូតដល់ចំណុច ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគងទើបចាប់បាន។
លោកនាយផ្នែក បានឲ្យដឹងទៀតថា ក្នុងពេលចាប់ឃាត់ខ្លួនមន្ត្រីប៉េអិមខាងលើនេះ គឺបានដកហូតរថយន្តឡិចស៊ិស៤៧០ មួយគ្រឿង អាយកូម១គ្រឿង ស្រោមកាំភ្លើងខ្លីចំនួន២ខ្នោះដៃ ចំនួន២សាងគ្រាប់កាំភ្លើងចំនួន៣ គ្រាប់កាំភ្លើងខ្លីម៉ាកឡុក១៤គ្រប់ និងកង់សាគួ រថយន្តចំនួន២៕