រាជធានីភ្នំពេញ៖នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៧នាក់ រងរបួសធ្ងន់១៣នាក់ និងរបួសស្រាល២៨នាក់។ នេះបើតាមការរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ទាំង ១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២២គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង និងរថយន្តធុនធំចំនួន៤គ្រឿង, យានផ្សេងៗ៣គ្រឿង ថ្មើរជើង២នាក់។ របាយការណ៍ខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, ស្រវឹង៣លើក, បត់គ្រោះថ្នាក់៣លើក, មិនគោរពសិទ្ធិ២លើក,ងងុយដេក១លើក កត្តាយានយន្ត១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៣នាក់ (យប់៨នាក់)។
ជាមួយគ្នានោះនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៣,៥៩៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,៥១៩គ្រឿង និងពិន័យសរុប ចំនួន ២,០៧៨គ្រឿង៕