បាងកក៖ យោងតាមRFI បានសរសេរថា ព្រះ រាជវង្សានុវង្សថៃកំពុងតែមានរឿងអាស្រួវស្អុយរលួយ យ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក។ នោះគឺដោយសារម្ចាស់ក្សត្រីដែល ជាជាយារបស់ព្រះអង្គម្ចាស់ វិជ្ជរ៉ា ឡុងកន ព្រមទាំងក្រុមគ្រួសារ មានជាប់ពាក់ព័ន្ធទៅនឹងរឿងរ៉ាវពុករលួយ ដែលមានទឹកប្រាក់ ប្រមាណជា ៣២០ លានដុល្លារអាមេរិក។ ព្រះអង្គម្ចាស់ វិជ្ជរ៉ា ឡុងកន ដែលនឹងក្លាយជាស្តេចស្នងរាជពី មហាក្សត្រថៃបច្ចុប្បន្ន មិនសូវជាមានប្រជាប្រិយភាពស្រាប់ទៅហើយ ហើយពេលនេះ បន្ថែមរឿងព្រះជាយា ប្រព្រឹត្តអំពើពុករលួយទៀត។
RFI បានផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា នេះថា ម្ចាស់ក្សត្រី ស្រ៊ីរស្ម៊ី ព្រះជាយារបស់ព្រះអង្គម្ចាស់ វិជ្ជរ៉ា ឡុងកន អនាគតមហាក្សត្រថៃ កំពុងប្រឈមមុខជាមួយរឿងអាស្រូវពុករលួយដ៏ធំ។ រឿងអាស្រូវបានលេចឮថា ព្រះអង្គម្ចាស់ក្សត្រីអង្គនេះ ព្រមទាំងក្រុមគ្រួសារបានប្រើគោរមងារខ្លួនទៅឃុបឃិតរកស៊ីជួញដូរវត្ថុបូរាណជាមួយឈ្មួញ។ ទឹកប្រាក់ដែលគេប៉ាន់ស្មានពីការឃុបឃិតនេះ មានប្រហែលជា ៣២០លានដុល្លារអាមេរិក។ មានរូបព្រះពុទ្ធបដិមាជាច្រើនពាន់អង្គ ដែលនគរបាលថៃរឹបអូសបាន ហើយធ្វើការស្រាវជ្រាវទៅទើបធ្លាក់ទៅដល់ក្រុមគ្រួសាររបស់ព្រះអង្គម្ចាស់ក្សត្រី ស្រ៊ីរស្ម៊ី ។
ភ្លាមៗក្រោយហេតុការណ៍នេះ ព្រះបរមរាជវាំងថៃ បានសម្រេចដកព្រះគោរមងារជាក្រុមគ្រួសារព្រះញាតិវង្ស ចេញពីព្រះអង្គម្ចាស់ក្សត្រី ព្រមទាំងក្រុមគ្រួសារទាំងអស់។ សូមបញ្ជាក់ថា តាមធម្មតា ព្រះអង្គម្ចាស់ក្សត្រីអង្គនេះ នឹងក្លាយជាព្រះមហាក្សត្រីយានី ក្នុងពេលខាងមុខ បើសិនជាព្រះអង្គម្ចាស់ វិជ្ជរ៉ា ឡុងកន ឡើងសោយរាជ្យ បន្តពីព្រះអង្គភូមិប៊ុល អាឌុលយ៉ាដេជ ដែលមានព្រះជន្ន ៨៦ ព្រះវស្សារទៅហើយ។
RFI បន្តថា កន្លងមកមតិមហាជននៅថៃក៏ដូចជាក្នុងក្រុមគ្រួសាររាជវង្សថៃ មិនសូវជាពេញចិត្តព្រះអង្គម្ចាស់ វិជ្ជរ៉ា ឡុងកន ឲ្យឡើងគ្រងរាជ្យទេ ព្រោះថាព្រះអង្គម្ចាស់នេះ មិនដែលចាប់អារម្មណ៍ពីកិច្ចការប្រទេសជាតិទេ តាំងពីដើមមក។ ព្រះអង្គយកតែសុខមួយអង្គឯង ក្នុងជីវភាពយ៉ាងស្តុកស្តម្ភ ជាមួយព្រះជាយា។ ប៉ុន្តែដោយសារព្រះអង្គជាបុត្រាច្បង ទើបរាជបល្ល័ង្គត្រូវធ្លាក់ទៅលើព្រះអង្គ។
RFI បន្តទៀតថា រឿងអាស្រូវក្នុងពេលនេះ នឹងរឹតតែធ្វើឲ្យប្រជាប្រិយ ភាពរបស់ព្រះអង្គម្ចាស់ធ្លាក់ចុះបន្ថែមទៀត។ តាមការសង្ស័យរឿងរ៉ាវដល់ថ្នាក់នេះទៅហើយ ព្រះអង្គម្ចាស់ នឹងធ្វើការលែងលះគ្នា ជាមួយម្ចាស់ក្សត្រីស្រ៊ីរស្ម៊ី។ ចំណែកបណ្តាញសារព័ត៌មានក្នុងស្រុកថៃវិញ មិនសូវមាននរណាហ៊ាននិយាយពីបញ្ហានេះទេ ព្រោះគ្រប់គ្នាខ្លាចគេចោទថា មើលងាយព្រះមហាក្សត្រ និងក្រុមគ្រួសាររាជវង្ស៕
ព្រះអង្គម្ចាស់ វិជ្ជរ៉ា ឡុងកន និង ព្រះមាតា ព្រះមហាក្សត្រីយានី ស៊ីរីគីត នៅក្រុងបាងកក ៖ REUTERS/