ដោយ៖ប៉ែន សុផល
បាត់ដំបង៖ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងក្រៅពីដំណាំ ពោត សណ្តែក ឬដំណាំម្រេច ពួកគាត់បាននាំគ្នាមកចាប់អារម្មណ៍ក្នុងការដាំដំណាំសណ្តែកផ្កាយដែលជាដំណាំមួយប្រភេទដែលឆាប់បានទទួលផលនិងមានអាយុកាលវែងហើយថែមទាំងមានគុណប្រយោជន៍ក្នុងការព្យាបាលជំងឺជាច្រើនមុខទៀតផងដែរ។
លោកពូ អុន សុផាត អាយុ៦៥ឆ្នាំ ជាកសិកររស់នៅភូមិកណ្ដាល ឃុំស៊ុង ស្រុកសំឡូតបានរៀបរាប់ថា៖មូលហេតុដែលធ្វើអោយពួកគាត់នាំគ្នាជ្រើសយកដំណាំសណ្តែកផ្កាយយកមកដាំដោយសារដំណាំប្រភេទមួយនេះមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព វាអាចព្យាបាលជំងឺច្រើនមុខ ហើយម្យ៉ាងវិញទៀតវាឆាប់បានទទួលផលដាំរយៈពេល៦ខែយើងអាចប្រមូលផលបាន ហើយក្នុងការប្រមូលផលគឺធ្វើឡើងក្នុងមួយខែម្តង ហើយវាមានអាយុកាលវែងរហូតទៅដល់៣០ឆ្នាំ។
លោកបន្តថា៖ការប្រមូលផលពួកគាត់មិនចាំបាច់ស្វែងរកទីផ្សារដោយខ្លួនឯងនោះទេគឺមានខាងក្រុមហ៊ុនក្នុងស្រុកទទួលប្រមូលទិញក្នុងតម្លៃ១គីឡូគ្រាប់តម្លៃ៧០០០រៀលនិងមានចុះកិច្ចសន្យាទទួលដឹងលឺពីអាជ្ញាធរមូលដ្ឋានទៀតផង។
លោក លួម ផល្លី ប្រធាន គ្រប់គ្រងផលិត និងបច្ចេកទេស ក្នុងការដាំ និងកែច្នៃសណ្តែកផ្កាយមុនគេបង្អស់ក្នុងខេត្តបាត់ដំបង និងជាតំណាងក្រុមហ៊ុន សាន់នី សាចាអ៊ីនជី ប្រូដាក ខូអិលធីឌី ជាផលិតផលកូនខ្មែរ បានបញ្ជាក់ប្រាប់ថា ដំណាំសណ្តែកផ្កាយ ការដាំនិងផលិតបែបធម្មជាតិ១០០%មិនមានប្រើថ្នាំគីមី ឬជីគីមីនោះទេ ហើយនៅក្នុងខេត្តបាត់ដំបងសណ្តែកផ្កាយកំពុងមានការចាប់អារម្មណ៍និងរីកចំរើនខ្លាំងជាងគេដោយបានចងក្រងជាសហគមន៍ក្នុងការដាំដំណាំមួយនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។
លោកបន្តថា ដំណាំសណ្តែកផ្កាយក្នុងខេត្តបាត់ដំបងដែលលោកបានចងជាសហគមន៍គឺមានស្រុកចំនួនបី ស្រុកបាណន់ ស្រុករតនៈមណ្ឌល និងស្រុកសំឡូត ដែលមានផ្ទៃដីសរុប២២៥ហិកតា ហើយការដាំដុះខាងក្រុមហ៊ុនជាអ្នកផ្តល់ពូជអោយនិងបានចុះនែនាំពីរបៀបដាំនិងថែទាំទៀតផង ចំពោះ ផលិតផលក្រៅពីសហគមន៍ លោកមិនប្រមូលទិញទេព្រោះខ្លាចមានជាតិគីមីប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកបន្តទៀតថា សណ្តែកផ្កាយមានអត្ថប្រយោជន៍ជាច្រើនសំរាប់សុខភាព ដូចជា៖ ១-ជួយកាត់បន្ថយកូលេសស្តេរ៉លក្នុងឈាម ២-ជួយគ្រប់គ្រងប្រព័ន្ធជាតិស្ករក្នុងឈាម ៣-កាត់បន្ថយជំងឺមហារីក
៤-ពន្យាភាពចាស់ ៥-ជួយដល់ខួរក្បាលនិងភ្នែក ៦-ជួយដល់សន្លាក់ និងខួរឆ្អឹងខ្នង ៧-ជួយពន្យាជំងឺបេះដូង និងការពារគាំងបេះដូង ៨-ជួយសម្រកទម្ងន់។ផលិតផលមួយនេះគឺជាស្នាដៃកូនខ្មែរពិតៗ ហើយបានចាប់ដៃគូ ជាមួយប្រទេសថៃ កូរ៉េ និងប្រទេសដទៃទៀត និងមានការនាំចេញទៅក្រៅប្រទេសឆាប់ៗ។
បច្ចុប្បន្ននេះក្រុមហ៊ុន សាន់នី សាចាអ៊ីនជី ប្រូដាក ខូអិលធីឌី មានស្នាក់ការកណ្ដាលស្ថិតនៅក្នុងបុរីពាណិជ្ជកម្ម ផ្ទះលេខ បេ២១ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយឆាប់ៗនេះក្រុមហ៊ុននិងបង្កើតរោងចក្រមួយនៅក្នុងទីរួមខេត្តបាត់ដំបង៕
ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងចាប់អារម្មណ៍ក្នុងការដាំដំណាំសណ្តែកផ្កាយ