រាជធានីភ្នំពេញ៖កាលពីព្រឹកមិញនេះ សមត្ថកិច្ចបានរារាំងហ្វូងប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីមកពីខេត្តកោះកុង ហើយបានស្នាក់នៅក្នុងវត្តសាមគ្គីរង្សី និងមានគម្រោងទៅដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ខណៈដែលសមត្ថកិច្ចបានហាមមិនឲ្យពួកគាត់បានចេញពីវត្តនោះទេ ។
ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីមកពីស្រុកស្រែអំបិលខេត្តកោះកុងអះអាងថា ជម្លោះដីធ្លីរបស់ពួកគាត់កើតឡើងតាំងពីឆ្នាំ២០០៦មកនៅមិនទាន់មានដំណោះស្រាយនៅឡើយ។ ប្រជាពលរដ្ឋទាំងនេះមកកាន់រាជធានីភ្នំពេញតាំងពីសប្តាហ៍មុន ហើយពួកគេស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីសម្តេច ហ៊ុន សែន និងស្ថាប័នផ្សេងៗ ទៀត។
ទន្ទឹមនោះកាលពីម្សិលមិញ ភរិយាសពលោក កែម ឡី បានចុះទៅសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមកស្នាក់នៅក្នុងវត្តសាមគ្គីរង្សីផងដែរ ខណៈដែលការចុះសួរសុខទុក្ខនោះត្រូវបានរៀបចំដោយមន្ត្រីជាន់ខ្ពស់ CNRP៕