ហាណូយ៖ឧក្រិដ្ឋជនជួញដូរគ្រឿងញៀន១១នាក់ត្រូវបានតុលាការខេត្ត Lang Son ភាគខាងជើងប្រទេសវៀតណាមសម្រេចកាត់ទោសប្រហារជីវិត ក្រោយពីបានរកឃើញភស្តុតាងគ្រប់គ្រាន់ថាពួកគេ បានព្យាយាមរត់ពន្ធ គ្រឿងញៀនប្រភេទហេរ៉ូអ៊ីនចំនួនជាង ២៨០ គីឡូក្រាមទៅកាន់ប្រទេសចិន។ នេះបើតាមសារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី១០ ខែសីហានេះ។
សារព័ត៌មានដដែលបន្តថា មនុស្ស០២នាក់ផ្សេងទៀត ត្រូវបានកាត់ទោស ដាក់គុកអស់មួយជីវិតពីបទផ្សំគំនិតក្នុងរឿងរត់ពន្ធគ្រឿងញៀន ។ អ្នកដែលបានត្រូវកាត់ទោសរួចទាំង១៣នាក់នោះ គឺស្ថិតនៅក្នុងចំណោមជនសង្ស័យ១៩នាក់ ដែលត្រូវបានប៉ូលិសវៀតណាម ចាប់ខ្លួន និងចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន ពីខេត្តភាគខាងជើងវៀតណាម ទៅកាន់ប្រទេសចិន ដែលគិតជាទឹកប្រាក់ជិត ៤,៥សែនដុល្លារអាមេរិកកាលពីឆ្នាំ ២០១៤ កន្លងទៅនេះ៕