ព្រុចសែល៖យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា នេះបានឲ្យដឹងថា មាន ករណីគំរាមបំផ្ទុះគ្រាប់បែកនៅលើយន្តហោះដឹកអ្នកដំណើរពីរគ្រឿង ដែលនឹងចុះចតនៅអាកាសយានដ្ឋានព្រុចសែល ប្រទេសប៊ែលហ្សិក។
ប៉ូលិសបាននិយាយថា យន្តហោះដឹកអ្នកដំណើរទាំងពីរគ្រឿងនោះជារបស់ក្រុមហ៊ុនអាកាសចរណ៍ Scandinavian airline SAS ដោយមួយគ្រឿងចេញដំណើរមកពីទីក្រុង Oslo ប្រទេសន័រវេស និងមួយគ្រឿងទៀតមកពីទីក្រុង Arlanda ប្រទេសស៊ុយអែត។ អ្នកដំណើរនៅលើយន្តហោះទាំងអស់មានសុវត្ថិភាព។ ប៉ូលិសបញ្ជាក់ថា ទាក់ទងនឹងករណីបំផ្ទុះគ្រាប់បែកនៅលើយន្តហោះដឹកអ្នកដំណើរទាំងពីរគ្រឿងនេះ ត្រូវបានផ្ដើមចេញពីការបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ហើយក្រោយមកមន្ត្រីអាកាសចរណ៍ ដែលគ្រប់គ្រងជើងហោះហើរ ក៏បានជូនដំណឹងដល់យន្តហោះទាំងពីរ នៅមុនពេលចុះចតប្រមាណ ២០នាទី។
ទោះជាយ៉ាងណាក្រោយពីចុះចតនៅលើយន្តហោះទាំងពីរគ្រឿងនោះ ពុំមានគ្រាប់បែកនោះទេ ហើយនៅពេលនេះ ក្រុមជំនាញកំពុងតែធ្វើការស៊ើបអង្កេត៕