ដោយ៖ប្រុញ វិធិន
ខេត្តក្រចេះ៖សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ក្រុមការងារទឹកស្អាតកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកវេជ្ជបណ្ឌិតអ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា រួមជាមួយលោក ធុន គ្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានអញ្ជើញចុះប្រគល់អណ្តូងទឹកប្រភេទអាហ្វ្រីដេស ចំនួន ២០ ជាអំណោយកាកបាទក្រហមកម្ពុជា បានប្រគល់ជូនប្រជាពលរដ្ឋក្នុងស្រុកស្នួល។
យោងតាមរបាយការសាងសង់បានបញ្ជាក់ថាអណ្ដូងស្នប់ចំនួន២០ ក្នុងជំហានទី២ ឆ្នាំ២០១៦នេះ មានលេខរៀងពី ១១ ដល់ ៣០ និងមានជម្រៅជាមធ្យម ៣០ម៉ែត្រ កំពស់ទឹកជាមធ្យម ៦ ម៉ែត្រ ធាទឹកជាមធ្យម ៤ ម៉ែត្រគីប ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋ ២៥៨៨ គ្រួសារ ស្មើនឹងមនុស្ស ១៨២៣៨ នាក់ រស់នៅភូមិចំនួន ១០ នៃឃុំ២ធ្នូរ និង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។
លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់ឱ្យក្រុមការងារចុះភ្លាមៗ ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដោយមិនឱ្យពួកគាត់រង់ចាំយូរឡើយ ។ ទន្ទឹមនោះលោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមចំណែកទាំងអស់គ្នា ថែរក្សាអណ្តូងនេះ ឱ្យបានគង់វង្សយូរអង្វែង ដើម្បីទុកទទួលទានផង។ លោកបានបញ្ជាក់ថា អណ្តូងទឹក២០នេះ មិនមែនជាសមិទ្ធផល ចុងក្រោយទេ ពីព្រោះនេះជាយុទ្ធសាស្ដ្រត្រៀម បង្ការ ដែលជាចក្ខុវិស័យយូរអង្វែងរបស់សម្តេចប្រធាន កាកបាតក្រហមកម្ពុជា ក៏ដូចជាយុទ្ធសាស្ត្រចតុកោណនៃរាជរដ្ឋាភិបាលផងដែរ។
លោកវេជ្ជបណ្ឌិតអ៊ុយ សំអាតបានបញ្ជាក់បន្ថែមថា ត្រូវប្រើប្រាស់អណ្ដូងទឹកនេះ ដើម្បីបំរើឲ្យសុខភាព និងជាអណ្តូងរបស់សហគមន៍។ ជាមួយគ្នានោះ ប្រជាពលរដ្ឋចំនួន ៦០នាក់ ដែលអញ្ជើញចូលរួមក្នុងពិធីនេះ ទទួលបាននូវវត្ថុអនុស្សាវីយ៍កំដរដៃ ក្នុងម្នាក់ៗ ទទួលបានសារុង១ ឬក្រមា១ និង លោកតា លោកយាយ នារី មានផ្ទៃ បានទទួលបន្ថែមនូវ ថវិកាមួយចំនួន។
ជាមួយគ្នានោះបងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលបានជួយផ្តល់អណ្តូង ទឹកដល់ពួកគាត់ បានប្រើប្រាស់គ្រប់គ្រាន់ក្នុងការទទួលទាន ឬបង្កបង្កើនផលនានា ដោយមិនពិបាកទៅយកទឹក នៅទីឆ្ងាយដូចមុនទៀតឡើយ៕
អណ្ដូងស្នប់២០ជាអំណោយកាកបាទក្រហមកម្ពុជាត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ