រាជធានីភ្នំពេញ៖បុរសម្នាក់បើករថយន្តព្រុសមួយគ្រឿងបុករនាំងដែកចែកទ្រូងផ្លូវបាក់អស់៩ផ្ទាំង ខណៈរថយន្តរងការខូចខាតយ៉ាងដំណំ តែម្ចាស់ពុំមានរងរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងនាម៉ោង៣ និង៥០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅតាមមហាវិថីព្រះមុនីវង្ស ជិតស្តុបពេទ្យចិន ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញបុរសម្នាក់ មានអាការស្រវឹង បានបើករថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-5125 ក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន តាមហាវិថីព្រះមុនីវង្ស លុះបើកមកដល់ចំណុចកើតហេតុ ជិតភ្លើងស្តុបពេទ្យចិន បុរសដែលមានអាការស្រវឹងរូបនោះ បានបើករថយន្តរ៉េ ទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់រាបដល់ដីចំនួន៩ផ្ទាំង និងរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបណ្តាលឲ្យបុរស ដែលជាម្ចាស់រថយន្តរងរបួសនោះទេ។
ក្រោយកើតហេតុ រថយន្តត្រូវបានមន្ត្រីជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សារទុក នៅការិយាល័យចរាចរណ៌ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕