ក្រុមចោរ​៦​នាក់​ចូល​លួច​ឥ​វ៉ាន់​ក្នុង​រោងចក្រ​ផលិត​ប្រអប់​ភ្លើង​នៅ​ចោមចៅ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 August, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ក្ស​ពួក​៦​នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច បន្ទាប់ពី​ចូល​លួច​ឥ​វ៉ាន់​នៅក្នុង​រោងចក្រ​ផលិត​ប្រអប់​ភ្លើង​មួយកន្លែង តែ​ត្រូវ​ម្ចាស់​ដឹងខ្លួន​ទាន់​ក៏​ប្រតាយប្រតប់​គ្នា​បណ្ដាល​ឲ្យ​២​នាក់​ប្តី​-​ប្រពន្ធ​រងរបួស​ធ្ងន់​។​
​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​២ និង​២០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​រោងចក្រ​ផលិត​ប្រអប់​ភ្លើង​មួយ ជាប់​របង​វត្ត​អង្គ​តា​មិញ ស្ថិតក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឮ​សំឡេង​ឆ្កែ​ព្រូស​យ៉ាងខ្លាំង និង​ឮ​សំឡេង​ថ្ងូរ​ស្រែក​ឲ្យ​ជួយ​ផង ទើប​ប្រជាពលរដ្ឋ​បាននាំគ្នា​ចេញមក​មើល ឃើញ​មាន​បុរស​ម្នាក់​ខ្លួន​ប្រលាក់​សុទ្ធតែ​ឈាម​បែក​មុខ​បែក​មាត់ រងរបួស​ធ្ងន់ ដេក​នៅលើ​ស្មៅ​ជាប់​របង​រោងចក្រ​ខាងក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ឃើញបែបនេះ​ក៏បាន​សួរនាំ​ហើយ​បុរស​នោះ​ប្រាប់ថា ពួកគេ​មាន​គ្នា​៦​នាក់​ចូល​លួច​ក្នុង​រោងចក្រ ដោយ​ខ្លួន​ជា​អ្នក​នៅចាំ​មើលផ្លូវ និង​ចាំ​ម៉ូតូ ចំណែក​បក្សពួក​៥​នាក់​ទៀត បាន​សម្រុក​ចូលទៅក្នុង​រោងចក្រ លួច​យក​របស់របរ​មានតម្លៃ តែ​ត្រូវ​ថៅកែ​ជនជាតិ​២​នាក់​ប្តី​ប្រពន្ធ​ដឹងខ្លួន បាន​ចេញមក​ប្រតាយប្រតប់​គ្នា​ជាមួយ​ពួកគេ ក៏ត្រូវ​ពួកគេ​វាយ​រងរបួស​ធ្ងន់​ទាំង​២​នាក់​ប្តី​ប្រពន្ធ ចំណែក​បុរស​ជនជាតិ​ចិន​ម្នាក់ទៀត ដែល​ស្នាក់​នៅក្នុង​រោងចក្រ​ដែរ ភ័យ​ពេក​បាន​រត់​ឡើងទៅ​ពួន​លើដំបូល​រោងចក្រ មិនមាន​រងរបួស​ទេ​។​
​បើតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ថា ខ្លួន​ឈ្មោះ ចេក ច​ន្នី អាយុ​២៩​ឆ្នាំ មុខរប​រត់​ម៉ូតូឌុប ស្នាក់​ម្តុំ​លូ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ពួកគេ​បានមក​លួច​ម្តង​រួចមកហើយ ជាមួយ​បក្សពួក​ដែល​ធ្វើ​សន្តិសុខ​នៅ​រោងចក្រ​ខាងលើនេះ ដោយ​លួចបាន​ទូរស័ព្ទដៃ និង​លេប​ថប​១​គ្រឿង​។​
​ជនសង្ស័យ​បន្ដថា បន្ទាប់ពី​លួចបាន ថៅកែ​បាន​ដេញ​ជនសង្ស័យ​ជា​សន្តិសុខ​ចេញពី​រោងចក្រ​ឲ្យ​ឈប់​ធ្វើការ លុះដល់​យប់កើតហេតុ ពួកគេ​មាន​គ្នា​៦​នាក់​បាន​ផឹកស៊ី​ស្រវឹង និង​ទៅ​ជក់​ថ្នាំញៀន​នៅ​បឹង​ឈូក រួចហើយ​បាន​បបួលគ្នា​មក​ចូលក្នុង​រោងចក្រ​ដើម្បី​លួច​លុយ និង​សម្ភារ​ក្នុង​រោងចក្រ​ម្តងទៀត ស្រាប់តែ​២​នាក់​ប្តី​ប្រពន្ធ​ដឹងខ្លួន ធ្វើ​ឲ្យ​មាន​ការប្រតាយប្រតប់គ្នា​រងរបួស​ធ្ងន់​២​នាក់​ប្តី​ប្រពន្ធ និង​រូបគេ​រត់​មិន​រួច​បាន​ធ្លាក់​ពីលើ​របង​បាក់ជើង​រងរបួស​ធ្ងន់​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន ចំណែក​ជនសង្ស័យ​ត្រូវ​ដឹក​យកទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ដោយឡែក​របស់​មានតម្លៃ និង​លុយ​ត្រូវបាន​ជនសង្ស័យ​យកទៅ​អស់ហើយ​៕

Untitled-1