ការ​ដឹកជញ្ជូន​ឈើ​ប្រណីតចេញទៅ​លក់​នៅ​ប្រទេស​វៀតណាម​នៅតែ​កើតមាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2016 ក+ ក-

​ដោយ​៖​ដេ​ង ម៉ា​វិ​ន​
​ខេត្តស្ទឹងត្រែង​៖​ឈើ​គ្រញូង​ដែលជា​ប្រភេទ​ឈើ​ដ៏​មានតម្លៃ និង​ស្ទើរតែ​ផុត​ពូជ​នៅក្នុង​ទឹកដី​កម្ពុជា​ទៅហើយនោះ ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង​នៅតែមាន​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​លួច​ដឹកជញ្ជូន​តាម​រថយន្ដ​ទំនើបៗ​ទៅ​លក់​នៅ​វៀតណាម​ជា​បន្តបន្ទាប់ បើទោះបីជា​មានការ​ទប់ស្កាត់​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​យ៉ាងណាក៏ដោយ​។
​ ​ជាក់ស្តែង​នៅ​ថ្ងៃទី​១៣ ខែសីហា ២០១៦​កន្លងទៅនេះ ខាង​កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បានចេញ​ធ្វើការ​បង្ក្រាប​និង​ឃាត់​រថយន្ត​០១​គ្រឿង ដែល​ផ្ទុក​ឈើប្រណិត​ប្រភេទ​ឈើ​គ្រញូង​ចេញពី​ភូមិសាស្ត្រ​គីឡូម៉ែត្រ​លេខ​៨​ស្ថិតក្នុង​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ដើម្បី​យកទៅលក់​នៅ​ទីផ្សារ​គោលដៅ តែ​លុះ​មកដល់​
​ចំនុច​ជិត​គល់ស្ពាន​សេកុង ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ធ្វើការ​ប្រដេញ​តាម​ពីក្រោយ​និង​បាន​ឃាត់​ជាប់​នៅក្នុង​ក្រុង​ស្ទឹងត្រែង ខណៈដែល​ក្រុម​ឈ្មួញ​បាន​បើករថយន្ដ​រត់គេច​ចូលក្នុង​ដី​ឡូ​របស់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ។​
​ ​បើតាម​មន្ត្រី​នៃ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ប្រាប់​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​រថយន្ដ​ដឹក​បទល្មើស​ខាងលើនេះ គឺ​ខាង​កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចាប់​បានតែ​ឈើ​ក្រញូង​ចំនួន​១៩​ដុំ​តែប៉ុណ្ណោះ ចំណែក​រថយន្ដ​និង​មនុស្ស​មិនត្រូវ​បាន​ឃាត់ខ្លួន​និង​ដកហូត​នោះឡើយ ព្រោះ​ខណៈនោះ​បទល្មើស​ត្រូវបាន​ទម្លាក់ចោល រីឯ​រថយន្ត​ក៏ត្រូវ​បាន​ក្រុម​ឈ្មួញ​បើក​រត់គេចខ្លួន​បាន​ដោយ​សុវត្ថិភាព ។
​ប្រភពពី​សមត្ថកិច្ច​បា​ន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា រថយន្ដ​ដែល​ក្រុម​ឈ្មួញ​ដឹក​បទល្មើស​ឈើ​ក្រញូង​នោះ ត្រូវបាន​ខាង​សមត្ថកិច្ច​ចំណាំ​យ៉ាងច្បាស់​ថា ជា​ប្រភេទ​រថយន្ត​លុច​ស៊ី​ស​៤៧០​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​2K.5454​ផងដែរ ។​
​បច្ចុប្បន្ន ឈើ​គ្រញូង​ចំនួន​១៩​ដុំ ត្រូវបាន​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ក្រោម​ការត្រួតពិនិត្យរ​បស់​មន្ត្រី​ជំនាញ​៕

5_544537188105193133.MTS_0000105995_544537188105193134.MTS_0000045995_544537188105193131.MTS_000006999
​ ​