ខេត្តពោធិ៍សាត់៖ក្មេងស្រីអាយុ៤ឆ្នាំ ម្នាក់បានពុលដំឡូងមីស្លាប់គួរអាសូរនៅម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីពុលដំឡូងមីស្លាប់នេះ ឈ្មោះ រ៉ា ស្រីលក្ខ័ មានឪពុកឈ្មោះ ជា រ៉ា អាយុ៥៣ឆ្នាំ និងមានម្តាយឈ្មោះ នួន សារ៉ន អាយុ៥០ឆ្នាំ ពួកគាត់មានកូន២នាក់ ប្រុសម្នាក់ និងម្នាក់ទៀត ជាជនរងគ្រោះ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រួសារនេះតែងតែស្ងោរដំឡូងមីហូបរៀងរាល់២-៣ថ្ងៃម្តង មិនដែលពុលទេ ទើបតែយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ កុមារីរងគ្រោះ ហូបរួចក៏ក្អួតចេញដំឡូងមីមកវិញអស់ ហើយគ្រួសារស្មានថាមិនអី ក៏ឲ្យផឹកទឹកឃ្មុំហើយនាំគ្នាដេកទៅ លុះដល់ម៉ោង១រំលងអធ្រាត្រថ្ងៃទី១៤ ខែសីហា ទើបដឹងថា កូនស្រីបានស្លាប់បាត់ទៅហើយ៕