ខេត្តកែប៖ស្ដ្រីភ្ញៀវទេសចរជនជាតិបារាំង៣នាក់ អាយុប្រហែល២៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនអស់មួយយប់ នៅក្នុងព្រៃភ្នំកែប ប៉ុន្តែពួកគេត្រូវបានកម្លាំងនគរបាល និងកម្លាំងប្រតិបត្តិការរកឃើញវិញហើយ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅកន្លែងលក់សំបុត្រចូលឧទ្យានកែប ខេត្តកែប។
ទាក់ទិនករណីនេះ ស្នងការនគរបាលខេត្តកែប លោក អី សំអុល បានឲ្យដឹងថា តាមការបញ្ជាក់ពី ឈ្មោះ អ៊ុយ សារ៉ាត់ ម្ចាស់ម៉ូតូកង់បីដែលដឹកភ្ញៀវទេសចរខាងលើ បានប្រាប់ថា ម៉ោង១៦ និង២០នាទី គាត់បានដឹកភ្ញៀវស្រីបារាំងទាំងបីនាក់ ទៅភ្នំកែបលុះដល់កន្លែងលក់សំបុត្រចូលឧទ្យានកែបពួកគេចុះដើរ បំណងទៅមើលថ្ងៃលិចនៅទីនោះ ដោយបានសន្យាឲ្យគាត់ទៅចាំទទួល ពួកគេនៅច្រកចេញពីខាងកើតភ្នំ។
លោកស្នងការបានបញ្ជាក់ថា ផ្លូវនេះប្រវែង៨គីឡូម៉ែត្រ លុះដល់ម៉ោង១៨ និង០០ គាត់ទៅចាំនៅគោលដៅណាត់ តែមិនឃើញភ្ញៀវបរទេសនោះ ត្រឡប់មកវិញ ក្រោយមកគាត់បានមកប្ដឹងនគរបាលខេត្ត ប្រចាំឆ្នេរកែបឲ្យជួយរក។ ក្រោយទទួលបានព័ត៌មានភ្លាម លោកបានមកដល់គោលដៅចាត់តាំងកម្លាំងប្រចាំការនៅស្នងការដ្ឋាន កម្លាំងប្រចាំឆ្នេរកែប សហការជាមួយឧទ្យានុរក្ស ដែលមានកម្លាំងរួម២០នាក់ ចេញរុករក សារចុះសារឡើង ច្រើនលើកដល់ម៉ោង១ និង០០រំលងអធ្រាត្រ តែមិនទាន់បានឃើញទេ ដោយសារយប់ងងឹតពិបាកមើល។
លោកឧត្តមសេនីយ៍ត្រី បន្ថែមទៀតថា លុះព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ ស្ត្រីជនជាតិបារាំង ដែលបាត់ពីយប់មិញត្រូវបានរកឃើញវិញហើយ ដោយពួកគេវង្វេងនៅក្នុងព្រៃ ហើយដេកក្នុងព្រៃភ្នំកែបពេញមួយយប់។ ក្រោយរកឃើញស្ដ្រីភ្ញៀវបរទេសទាំង៣នាក់ ត្រូវបានបញ្ជូនតាមរបស់សមត្ថកិច្ចមកសម្រាក់ នៅផ្ទះសំណាក់នៅកំពតវិញផងដែរ។
ករណីដូចគ្នានេះ បានកើតឡើងម្តងហើយ ដោយក្រុមគ្រួសារជនជាតិបារាំងមានគ្នា៤នាក់ និងមេគ្គុទេសន៍ទេសចរណ៍ម្នាក់បានវង្វេងផ្លូវបាត់ខ្លួនក្នុងតំបន់ទេសចរណ៍ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ ហើយត្រូវបានអាជ្ញាធររុករកឃើញត្រឡប់មកវិញ៕