មនុស្ស​៤២​នាក់​ស្លាប់​ក្នុង​តំបន់​ជម្លោះ​ភាគ​ខាងកើត​កុង​ហ្គោ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2016 ក+ ក-

កុង​ហ្គោ​៖​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជន​ស៊ីវិល​យ៉ាងហោចណាស់​៤២​នាក់​ត្រូវបាន​សម្លាប់​នៅ​ភាគ​ខាងកើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​អ្វីដែល​រដ្ឋាភិបាល​រៀបរាប់ថា​ជាការ​សម្លាប់​រង្គាល​មួយ​ដើម្បី​សងសឹក​ចំពោះ​ប្រតិបត្តិការ​យោធា​នៅក្នុង​តំបន់​នេះ​។​
​អ្នកនាំពាក្យ​កងទ័ព Mak Hazukay បាន​និយាយថា ការវាយប្រហារ​នោះ​ត្រូវបាន​ធ្វើឡើង​ដោយ​កងកម្លាំង​សម្ព័ន្ធមិត្ត​ប្រជាធិបតេយ្យ (ADF) ដែលជា​ក្រុម​ប្រដាប់អាវុធ​ឥស្លាម​មួយ​នៃ​ប្រភពដើម​អ៊ូ​ហ្គ​ង់​ដា​។ លោក Hazukay បាន​និយាយទៀតថា ពួក​ឧទ្ទាម ADF បាន​ចៀសវាង​ទីតាំង​កងទ័ព ហើយ​មក​និង​សម្លាប់​រង្គាល​ប្រជាជន​ដើម្បី​ជាការ​សងសឹក​ចំពោះ​ប្រតិបត្តិការ​យោធា​នៅក្នុង​តំបន់​នេះ​។​
​ក្រុម​នេះ​មាន​វត្ត​មាននៅ​ប្រទេស​កុង​ហ្គោ​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មកហើយ​និង​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងខ្លាំង​ក្លា​។ ជនរងគ្រោះ​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​សង្កាត់ Rwangoma នៅ​ជាយក្រុង Beni ។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​គឺ​លោក Lambert Mende ។​
​គួរ​បញ្ជាក់ថា ការសម្លាប់​នេះ​បានកើត​ឡើង​បី​ថ្ងៃ​បន្ទាប់ពី​លោក​ប្រធានាធិបតី Joseph Kabila បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​នេះហើយ​សន្យាថា​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ក្នុងអំឡុងពេល​កាន់អំណាច​របស់ខ្លួន​ដើម្បី​នាំមក​នូវ​សន្តិភាព​និង​សន្តិសុខ​ជូន​ប្រទេស​៕

story