រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៩នាក់ រងរបួសធ្ងន់១៥នាក់ និងរបួសស្រាល៧នាក់។
ប្រភពដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ទាំង១៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២៣គ្រឿង រួមមានម៉ូតូចំនួន១៨គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង និងរថយន្តធុនធំ១គ្រឿង។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ស្រវឹង, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់, មិនប្រកាន់ស្តាំ និងប្រជែង ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍២២នាក់ (យប់១៤នាក់)។
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមានចំនួន ២,៩៨៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,២៣៦គ្រឿង និងពិន័យសរុបចំនួន១,៧៥២គ្រឿង ៕