ដោយ៖ប៉ែន សុផល
បាត់ដំបង៖ព្រៃលិចទឹករាប់សិបហិកតានៅក្នុងតំបន់២ និងតំបន់៣ក្នុងស្រុកមោងឫស្សីត្រូវបានអ្នកមានអំណាចកំពុងដាក់គ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយទន្ទ្រានយកធ្វើជាកម្មសិទ្ធិ។
តាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញក្បែរវត្តអំពិលរលើង ឃុំព្រៃតូច ស្រុកមោងឫស្សី បានបង្ហើបប្រាប់ថា ជារៀងរាល់ថ្ងៃពួកគាត់តែងតែឃើញក្រុមអ្នកមានអំណាចបានយកគ្រឿងចក្រលួចចូលឈូសឆាយទន្ទ្រានព្រៃដែលជាតំបន់ហាមឃាត់ និងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជំរកសត្វព្រៃ និងមច្ឆជាតិ ហើយមិនមានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋានឡើយ។
ប្រភពបន្តថា ពេលដែលពួកគាត់ចេញទៅកាប់គាស់ដើម្បីយកដីសម្រាប់ដាំដុះដំណាំបន្តិចបន្តួច មានខាងអាជ្ញាធរមកហាមឃាត់ និងចោទប្រកាន់ទៅលើពួកគាត់ថា ល្មើសនឹងច្បាប់ក្នុងតំបន់ហាមឃាត់សហគមន៍នេសាទទៅវិញ។
លោក ស៊ិម កិត្តិស័ក្ក ដែលអះអាងខ្លួន ជាម្ចាស់ដីដែលកំពុងឈូសឆាយទន្ទ្រានខាងលើនេះបានប្រាប់សារព័ត៌មានយើងថា ដីដែលកំពុងឈូសឆាយនេះគឺជាដីដែលគេបានធ្វើផលដំណាំតាំងពីសង្គមរាស្ត្រនិយមមកម្ល៉េះ ពេលស្រុកកើតសង្គ្រាមត្រូវបានទុកចោលទើបមានព្រៃដុះបែបនេះ។
ដោយឡែកលោក ឡុម សោម អភិបាលស្រុកមោងឫស្សីបានប្រាប់សារពត៌មានយើងនារសៀលថ្ងៃទី១៦ ខែសីហានេះថា រឿងហ្នឹងលោកមិនបានដឹងទេ ព្រោះក្តាប់ភូមិសាស្ត្រមិនបានទាល់តែលោកមេឃុំដែលជាអាជ្ញាធរនៅមូលដ្ឋានទើបដឹងច្បាស់។
លោក ឈាង ខាត មេឃុំព្រៃតូចបានប្រាប់សារព័ត៌មានយើងនារសៀលថ្ងៃទី១៦ ខែសីហា នេះផងដែរថា ដីនៅតំបន់២ប៉ែកខាងលិចទំនប់គឺជាដីដែលគេធ្លាប់ធ្វើអាស្រ័យផលមែន ចំណែកដីព្រៃនៅតំបន់៣ប៉ែកខាងកើតទំនប់គឺមិនដែលមានអ្នកទន្ទ្រានយកធ្វើទេ បើមានដូចការលើកឡើងខាងលើមែនលោកនឹងចាត់កម្លាំងអោយចុះទៅមើល៕