ដោយ៖ឡុង សារេត
ខេត្តកំពត៖សាលាដំបូងខេត្តកំពតត្រូវបានគេមើលឃើញថារហូតមកដល់ពេលនេះហើយ គេនៅមិនទាន់ឃើញមានចំណាត់ការ ទៅលើពាក្យបណ្តឹងប្តឹងពីស្ត្រីជើងខ្លាំងប្រើហឹង្សាលើស្ត្រីដូចគ្នា នៅក្បែរផ្ទះខ្លួននោះនៅឡើយទេ បើទោះពាក្យបណ្តឹងត្រូវគេដាក់ចូលទៅស្ថាប័នតុលាការខេត្តកំពតរយៈពេលប្រមាណជិត០២ខែនោះមកហើយក្តី។ ការយឺតយ៉ាវមិនទាន់ឃើញតុលាការកោះហៅភាគីទាំងសងខាងលើបណ្តឹងមួយនេះក៏គេមិនទាន់ដឹងថា មកពីមូលហេតុអ្វីនោះទេ។
ស្ត្រីជើងខ្លាំងមួយរូបឈ្មោះ ជា ចាន់ដាវី អាយុ៥១ឆ្នាំ មានលំនៅដ្ឋាននៅ(ផ្សាទូកមាស) ភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិចស្រុកបន្ទាយមាស ត្រូវគេដាក់ពាក្យបណ្តឹងប្តឹងពីបទ (ហឹង្សាដោយចេតនា មានបំណងវាយសម្លាប់) ចូលទៅកាន់ សាលាដំបូងខេត្តកំពតកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែមកដល់និងពេលនេះ តុលាការខេត្តកំពតនៅមិនទាន់មានចំណាត់ការ នៅពាក្យបណ្តឹងនោះនៅឡើយទេ ដែលការយឺតយ៉ាវលើចំណាត់ការនេះ បានធ្វើឲ្យជនរងគ្រោះក្នុងអំពើហិង្សាកំពុងរង់ចាំលទ្ធផលយ៉ាងអន្ទៈសា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ស្ត្រីឈ្មោះ ស សុកា ត្រូវបានឈ្មោះ ជា ចាន់ដាវី ដែលមានផ្ទះជាប់ជញ្ជាំងគ្នា វាយនឹងដែកទីបជ្រុងឲ្យរងរបួសយ៉ាងដំនាំ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ហើយក្រោយពីមានហឹង្សានេះមក ក្រុមសារស្ត្រីឈ្មោះ ស សុកា បានដាក់ពាក្យប្តឹងរកយុត្តិធម៌ ចូលទៅប៉ុស្តិ៍រដ្ឋបាលនគបាល ឃុំទូកមាសខាងលិច ភ្លាមផងដែរ។
ស្ត្រីឈ្មោះ ជា ចាន់ដាវី ត្រូវគេបញ្ជាក់ថា ជាអ្នកពូកែបង្កជម្លោះជាមួយនិងអ្នកជិតខាង ដោយសារតែអាងសាច់ញាតិធ្វើជាប៉ូលីស នៅក្នុងអធិការដ្ឋាននគបាលស្រុកបន្ទាយមាស ។
សូមបញ្ជាក់បន្ថែមថា នៅថ្ងៃទី១៩ ខែមិថុនានោះ ស្ត្រីឈ្មោះជា ចាន់ដាវី បានយកធុងU90 (ហៅធុងប៉េត្រូ)មកត្រងទឹកពេលមេឃកំពុងភ្លៀង នៅផ្ទះជនរងគ្រោះបន្ថែមទៀត ហើយជនរងគ្រោះចេញទៅសួរនាំពេលនោះជនដៃដល់ក៍ធ្វើសកម្មភាពវាយនិងដេកទីបតែម្តង។
ស្ត្រីឈ្មោះជា ចាន់ដាវី ត្រូវគេបញ្ជាក់ថា បានត្រៀមបំពង់ដែកទីបជ្រុងរួចជាស្រេច ដើម្បីវាយទៅលើជនរងគ្រោះមុនពេលឈានទៅដល់ហឹង្សានេះ។ សកម្មភាពត្រងទឹកចាក់ចូលទៅក្នុងផ្ទះជនរងគ្រោះបែបនេះ គឺត្រូវគេឃើញជាច្រើនលើក ច្រើនសារួចមកហើយ។
ក្រោយពីបានប្រើហឹង្សារួចមក ឈ្មោះជា ចាន់ដាវី បានបោះពាក្យសម្តី អួត អាង ថាខ្លួនមានសាច់ញាតិជានគរបាល ហើយមានលុយចង់ឈ្មោះ ស សុកា ទៅប្តឹងដល់ណា គឺគេនឹងប្រើប្រាស់ទឹកលុយនោះ ដើម្បីដោះស្រាយបញ្ហាបើទោះទៅដល់ស្ថាប័នតុលាការក៍ដោយ។
លោក ព្រហ្ម វាសនា អធិការនគបាលស្រុកបន្ទាយមាស បានបញ្ជាក់មុនពេលផ្លាស់ប្តូរតួនាទី កាលពីថ្ងៃទី១១ ខែសីហា នេះបានឲ្យដឹងថា រឿងពាក្យបណ្តឹងនេះលោកមិនពាក់ព័ន្ធទេ គឺលោក ទួន អាត ជាអ្នកសរសេរបណ្តឹងខាងលើនោះបញ្ជូនទៅស្នងការកណ្តាលយុត្តិធរខេត្តរួចហើយ ប៉ុន្តែលោកថា រឿងនេះ
អាចសង្ស័យថា មានការ ឃុប ឃិតពីជនបង្កផងដែរ។ដោយការិល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់រួចហើយថា ពាក្យបណ្តឹងនោះគឺលោកបានដាក់ចូលទៅតុលាការ នៅព្រឹកថ្ងៃទី៤ ខែកក្កដា រួចហើយ។
ក្រុមគ្រួសារជនរងគ្រោះឈ្មោះស សុកា នៅថ្ងៃទី១៧ ខែសីហានេះ បានទទូចសុំឲ្យស្ថាប័នតុលាការខេត្តកំពតប្រញាប់មានចំណាត់ការលើបណ្តឹងនេះដោយអនុគ្រោះផង ពីព្រោះថាជនបង្កឈ្មោះ ជា ចាន់ដាវី កំពុងនៅមានសេរីភាពនៅឡើយ ហើយមិនតែប៉ុណ្ណោះស្ត្រីរូបនេះបានដើរ អួត អាង ថាខ្លួនមិនខ្លាចច្បាប់គឺគ្រាន់តែប្រើទឹកលុយប៉ុណ្ណោះជាការស្រេច។
គេកំពុងរង់ចាំមើលថាតើ តុលាការខេត្តកំពតនឹងមានចំណាត់ការលើបណ្តឹងខាងលើនេះយ៉ាងដូចម្តេច…?៕