រុស្ស៊ី​យក​អ៊ីរ៉ង់​ធ្វើជា​មូលដ្ឋាន​ដើម្បី​វាយប្រហារ​ក្រុម​ឧទ្ទាមនៅ​ស៊ី​រី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 August, 2016 ក+ ក-

​រុស្ស៊ី​៖​រុស្ស៊ី​បាន​ប្រើប្រាស់​ប្រទេស​អ៊ីរ៉ង់​ធ្វើជា​មូលដ្ឋាន​មួយ​ដើម្បី​បើក​ការវាយប្រហារ​អាកាស​ប្រឆាំង​ពួក​សកម្មប្រយុទ្ធ​ស៊ី​រី ពង្រីក​យុទ្ធនាការ​អាកាស​របស់​ខ្លួន​ក្នុងប្រទេស​ស៊ី​រី និង​បង្កើន​ការចូល​ពាក់ព័ន្ធ​របស់​ខ្លួន​ក្នុង​តំបន់​មជ្ឈិមបូព៌ា​។​
​នៅក្នុង​ទង្វើ​មួយ​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​របស់​ក្រុង​មូ​ស្គូ​ជាមួយ​ក្រុង​តេ​អេ​រ៉ង់ យន្តហោះ​ទម្លាក់​គ្រាប់បែក​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រភេទ Tupolev-22M3 និង Sukhoi-34 របស់​រុស្ស៊ី​បាន​ប្រើប្រាស់​មូលដ្ឋាន​អាកាស Hamadan របស់​អ៊ីរ៉ង់​ដើម្បី​វាយប្រហារ​គោលដៅ​នៅក្នុង​ប្រទេស​ស៊ី​រី​។​
​វា​ជា​លើកដំបូង​ហើយ​ដែល​ប្រទេស​រុស្ស៊ី​បាន​ប្រើ​ទឹកដី​នៃ​ប្រទេស​ផ្សេង​ក្រៅពី​ស៊ី​រី​ដើម្បី​បើក​ការវាយប្រហារ​បែបនេះ​ចាប់តាំងពី​វិមាន​ក្រឹម​ឡាំង​បើក​យុទ្ធនា​ការទម្លាក់​គ្រាប់បែក​មួយ​ដើម្បី​គាំទ្រ​លោក​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad ក្នុង​ខែកញ្ញា​ឆ្នាំមុន​។​
​ការដាក់​ពង្រាយ​នៅ​អ៊ីរ៉ង់​នឹង​បង្កើន​រូបភាព​របស់​រុស្ស៊ី​ជា​តួអង្គ​កណ្តាល​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​និង​អនុញ្ញាត​ឲ្យ​កងទ័ពអាកាស​រុស្ស៊ី​កាត់បន្ថយ​ពេលវេលា​ហោះហើរ​ហើយ​បង្កើន​ការទម្លាក់​គ្រាប់បែក​។​
​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​ប្រទេស​អ៊ីរ៉ង់​ត្រូវបាន​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ IRNA ដែល​បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​តេ​រ៉ង់​និង​មូ​ស្គូ​នាពេល​ឥឡូវនេះ​កំពុង​ចែករំលែក​ទីតាំង​ជាមួយគ្នា​។​
​ប្រទេស​ទាំងពីរ​សុទ្ធតែ​គាំទ្រ​លោក Assad ។ បន្ទាប់ពី​ពន្យា​ពេល រុស្ស៊ី​បាន​ផ្គត់ផ្គង់​ឲ្យ​អ៊ីរ៉ង់​នូវ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-300 របស់ខ្លួន​ដើម្បី​បង្ហាញ​ជា​ភស្ដុតាង​នៃ​ការកើនឡើង​ភាពជា​ដៃគូ ។​
​ទំនាក់ទំនង​រវាង​ទីក្រុង​តេ​រ៉ង់​និង​មូ​ស្គូ​កាន់តែ​កក់ក្តៅ​ចាប់តាំងពី​អ៊ីរ៉ង់​ឈានដល់​កិច្ចព្រមព្រៀង​មួយ​កាលពី​ឆ្នាំមុន​ជាមួយ​មហាអំណាច​ពិភពលោក​ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ជា​ថ្នូរ​នឹង​ការលើកលែង​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ​របស់​អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប​និង សហរដ្ឋអាមេរិក​៕

998124_1_0816-russia_standard