ស៊ីរី៖អង្គការលើកលែងទោសអន្តរជាតិបាននិយាយនៅថ្ងៃព្រហស្បតិ៍ថាអាជ្ញាធរស៊ីរីកំពុងធ្វើទារុណកម្ម “ទ្រង់ទ្រាយធំ” ក្នុងពន្ធនាគាររបស់រដ្ឋាភិបាលដោយរួមមានដូចជាការវាយដំ ការឆក់ខ្សែភ្លើង ការរំលោភសេពសន្ថវៈនិងការរំលោភបំពានផ្លូវចិត្ត។អង្គការនេះបានចោទប្រកាន់ថា នេះគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
អង្គការឃ្លាំមើលមួយនេះបាននិយាយក្នុងរបាយការណ៍មួយថា មនុស្សជាង១៧.៧០០នាក់ត្រូវបានគេប៉ាន់ស្មានថាបានស្លាប់ក្នុងកន្លែងឃុំឃាំងនៅប្រទេសស៊ីរីចាប់តាំងពីជម្លោះរបស់ប្រទេសនេះបានចាប់ផ្តើមក្នុងខែមិនាឆ្នាំ២០១១ដែលជាមធ្យមមានមនុស្សជាង៣០០នាក់បានស្លាប់ជារៀងរាល់ខែ។
អ្នកណាម្នាក់ដែលគេមើលឃើញថាជាគូប្រជែងរបស់រដ្ឋាភិបាលគឺត្រូវប្រឈមនឹងហានិភ័យនៃការឃុំខ្លួន ធ្វើទារុណកម្មនិង បាត់ខ្លួនឬស្លាប់នៅក្នុងកន្លែងឃុំឃាំង។ នេះបើយោងតាមអង្គការលើកលែងទោស។
អង្គការនេះបានអះអាងថា របាយការណ៍នេះគឺផ្អែកលើបទសម្ភាសន៍ជាមួយអ្នកនៅរស់ពីការធ្វើទារុណកម្មចំនួន៦៥នាក់ដោយភាគច្រើនជាជនស៊ីវិលដែលបានរៀបរាប់អំពីការរំលោភបំពានដ៏រន្ធត់និងលក្ខខណ្ឌឃោរឃៅនៅក្នុងមណ្ឌលឃុំឃាំងរបស់ទីភ្នាក់ងារចារកម្មនិងពន្ធនាគារយោធា Saydnaya ដែលស្ថិតនៅជិតដល់ក្រុងដាម៉ាស៕