ខេត្តត្បូងឃ្មុំ៖បុរសម្នាក់ត្រូវបានជនសង្ស័យ៣នាក់នាំគ្នាព្រួតវាយរហូតដល់ស្លាប់ក្រោយពេលផឹកស៊ីជាមួយគ្នារួច ហើយមូលហេតុនៃអំពើហិង្សានេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកអះអាងថា ជនរងគ្រោះបានជេរប្រពន្ធជនដៃដល់ម្នាក់ក្នុងចំណោម៣នាក់ខាងលើ ហើយត្រូវបានប្តីគេខឹង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧ និង00 នាទីព្រលប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចឡឥដ្ឋឈ្មោះ ហេង សំបូ ហៅលីម នៅភូមិទួលវិហារ ឃុំជីរោទី២ ស្រុក-ខេត្តត្បូងឃ្មុំ។
អធិការរងផែនព្រហ្មទណ្ឌនៃនគរបាលស្រុកត្បូងឃ្មុំ លោក ឡុង សារិន បានបញ្ជាក់ឲ្យបានដឹងថា ដំបូងយើងទទួលពត៍មានថា មានជនល្មើសមិនស្គាល់ អត្តសញ្ញាណ បានធ្វើសកម្មភាពវាយសម្លាប់ ជនរងគ្រោះឈ្មោះ ណំ លឹមហុង អាយុ ៣៩ ឆ្នាំ មុខរបរកម្មឡឥដ្ឋ មានទីលំនៅភូមិរកាឃ្នួចត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំ ក្នុងខណៈពេលជនរងគ្រោះស្រវឹងស្រា ដើរម្នាក់ឯង។
លោកបន្តថា បន្ទាប់ពីទទួលបានព័ត៌មានដូចខាងលើ កំលាំងសមត្ថកិច្ច ជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជីរោទី២ ចុះស្រាវជ្រាវស៊ើបអង្កេត ដល់កន្លែងកើតហេតុ ហើយឈានទៅ ឃាត់ខ្លួនជនសង្ស័យ បានចំនួន ២នាក់ ទី១ ឈ្មោះ លី យ៉ាស់យ៉ាសកម្ម អាយុ ២៦ឆ្នាំ ភេទប្រុស មុខរបកម្មករ នៅភូមិទន្លេបិទក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ទី២ ឈ្មោះ នូ សុផាត អាយុ ៣១ឆ្នាំ ភេទប្រុស នៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំនាំមកអធិការដ្ឋាននគរបាលស្រុក ធ្វើការសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅតុលាការ វិនិច្ឆ័យតាមច្បាប់។
លោកអធិការរងក៏បានបញ្ជាក់ដែរថា ករណី នេះត្រូវបានជនសង្ស័យសារភាពថាមូលហេតុក្រុមខ្លួនព្រួតវាយសំលាប់ជនរងគ្រោះគឺដោយសារជនរងគ្រោះមុនស្លាប់ប៉ុន្មានម៉ោងជេប្រពន្ធរបស់ ឈ្មោះ នូ សុផាត(ជេស្រី)៕