បណ្តេញជនជាតិវៀតណាម២២នាក់ត្រឡប់ទៅស្រុកវិញ
រាជធានីភ្នំពេញ៖នៅព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះនគរបាលអន្ដោប្រវេសន៍បានបណ្ដេញចេញជនជាតិវៀតណាម២២នាក់ ក្នុងនោះស្រី២នាក់ឲ្យត្រឡប់ទៅវិញ បន្ទាប់ពីចូលមករស់នៅខុសច្បាប់ក្នុងខេត្តសៀមរាប ខេត្តកោះកុង និងភ្នំពេញ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ជនជាតិវៀតណាមទាំង២២នាក់ ក្នុងនោះ ស្រី២នាក់ ដែលបានឃាត់ខ្លួននេះ ត្រូវបានបណ្ដេញចេញពីកម្ពុជា តាមច្រកអន្ដរជាតិព្រែកចាក នៅថ្ងៃនេះ។ លោកឧត្តសេនីយ៍ទោ បានបញ្ជាក់ថា ក្រោមបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល កម្លាំងនគរបាលអន្ដោប្រវេសន៍ នៅតែបន្ដឃាត់ខ្លួន និងបណ្ដេញជនបរទេសណា ដែលបានចូលមករស់នៅកម្ពុជា ដោយខុសច្បាប់ជាបន្ដបន្ទាប់៕