ខេត្តស្ទឹងត្រែង៖កម្លាំងកងរាជអាវុធហត្ថបានចាប់ខ្លួនឃាត់មន្ត្រីយោធាម្នាក់ រួមទាំងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ប្រមាណជា១គីឡូក្រាម ខណៈកំពុងចរាចណ៍ឆ្លងដែនពីប្រទេសឡាវ មកកាន់ស្ទឹងត្រែង កាលពីរសៀលថ្ងៃទី១៩ សីហា ២០១៦ ស្ថិតត្រង់ចំណុចផ្លូវជាតិលេខ៩ ក្នុងភូមិស្រែប្ញស្សី ឃុំស្រែប្ញស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លី សេត ភេទប្រុស អាយុ៤៥ឆ្នាំ ជានាយទាហានវរលេខ៣៩៤ កងពលលេខ៩ខេត្តព្រះវិហារ រស់នៅភូមិសែនរុងរឿង ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដកហូតថ្នាំញៀនមួយកញ្ចប់ធំ ម៉ូតូមួយគ្រឿង ព្រមទាំងទំពាំងស្ងោរ៥កញ្ចប់ ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យ គឺជាមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនដែលអាវុធហត្ថតាមដាន ក្រោមការកសាងបណ្តាញភ្នាក់ងារ និងប្រើប្រាស់វិធានការឱ្យមានការទិញ និងលក់រហូតឈានដល់ការចាប់ខ្លួន រួមនិងវត្ថុតាងជាក់ស្តែង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោស៕